(ពិភពលោក)៖ នៅសម័យបដិវត្តឧស្សាហកម្មដំបូងនាសតវត្សរ៍ទី១៨ គេបានចាប់ផ្ដើមស្គាល់ម៉ាស៉ីនដើរដោយចំហាយទឹកកាន់តែខ្លាំង ប៉ុន្តែពួកគេពិតជានឹកស្មានមិនដល់ឡើយថា ម៉ាស៉ីននេះត្រូវបានរកឃើញដំបូងតាំងពីរាប់ពាន់ឆ្នាំមុនមកម៉េះ។ តើអ្នកដឹងទេថា នរណាជាអ្នកបង្កើតម៉ាស៉ីនដើរដោយចំហាយទឹកមុនគេបង្អស់?

ម៉ាស៉ីនដើរដោយចំហាយទឹកនេះ ដំបូងវាគ្រាន់តែជាឧបករណ៍ច្នៃប្រឌិតមួយរបស់លោក ហេរ៉ុន (Heron of Alexandria) ប៉ុណ្ណោះ កាលពីអំលុងគ្រិស្ដសករាជ ៦២។ លោក ហេរ៉ុន ជាអ្នកប្រាជ្ញគណិតវិទ្យា និងធរណីវិទ្យាជនជាតិក្រិកម្នាក់ ប៉ុន្តែលោកបានទៅរស់នៅទីក្រុងអាឡិចសង់ទ្រី នៃអាណាចក្រអេហ្ស៉ីប។ ក្រៅពីត្រូវគេស្គាល់ថាជាគណិត-ធរណីវិទូហើយ លោកក៏ជាអ្នកច្នៃប្រឌិតម្នាក់ដែលមានចក្ខុនិម្មិតវែងឆ្ងាយផងដែរ។

ដំបូងឡើយ គេហៅឧបករណ៍នេះថា អ៊ែរឡូផាយ (កូនបាល់ខ្យល់) ដែលអាចចាត់ទុកថាជាគ្រឿងម៉ាស៉ីនដើរដោយចំហាយទឹកដំបូង។ វាអាចប្រើប្រាស់បានតាមរយៈវិធីតែមួយគត់ គឺការរុញដោយកម្លាំងឧស្ម័ន ហើយចំហាយទឹកនឹងរុញបង្វិលកូនដែកមូលៗឱ្យវិលបាន ១,៥០០ ជុំក្នុងមួយវិនាទី។

ជារឿងអភព្វសម្រាប់លោក ហេរ៉ុន ព្រោះតែកាលណោះពុំមាននរណាម្នាក់ដឹងថាវាមានប្រយោជន៍អ្វីខ្លះនោះទេ ទើបឧបករណ៍មួយនេះត្រូវគេមើលងាយថាពុំមែនជាវត្ថុអស្ចារ្យអ្វីឡើយ គ្រាន់តែជាវត្ថុច្នៃប្រឌិតដ៏គួរឱ្យអស់សំណើចមួយប៉ុណ្ណោះ។

រហូតដល់គ្រិស្ដសករាជ ១៧១១ ទើបលោក ថូម៉ាស ញូខូមែន (Thomas Newcomen) ចាប់ផ្ដើមបង្កើតគ្រឿងម៉ាស៉ីនដើរដោយឥន្ធនៈឡើង ដោយកែច្នៃចេញពីម៉ាស៉ីនដើរដោយចំហាយទឹកខាងលើនេះឯង។ លោក ថូម៉ាស ញូខូមែន ជាជនជាតិអង់គ្លេស ហើយម៉ាស៉ីនរបស់លោកក៏ត្រូវបានប្រើប្រាស់នៅចក្រអង់គ្លេស និងបន្តចែកចាយសាយភាយទៅដល់បារាំង និងប្រទេសដទៃទៀតនៅទ្វីបអឺរ៉ុប៕