(ភ្នំពេញ)៖ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ព្រមទាំងភរិយាដ៏ស្រស់ស្អាត និងកូនស្រីខ្លួន ត្រូវបានជ្រើសរើសជាអ្នកតំណាងផលិតផលទឹកបរិសុទ្ធ ម៉ុងប្លង់ (Mont Blanc) ដែលនាំចូលពីប្រទេសបារាំង ។ នេះបើតាមការប្រកាសជាផ្លូវការ ក្នុងពិធីចុះកិច្ចសន្យា នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។

ខ្សែបម្រើវ័យ ២៩ឆ្នាំ ដែលទើបចុះកិច្ចសន្យាជាមួយក្លិបវិសាខា បានបង្ហាញអារម្មណ៍រំភើបរីករាយប្លែកពីសព្វដង បន្ទាប់ពីត្រូវបានក្រុមហ៊ុនទឹកបរិសុទ្ធដ៏ល្បីខាងលើ បានជ្រើសរើសខ្លួន ព្រមទាំងគ្រួសារជាទីស្រលាញ់ ធ្វើជាអ្នកតំណាងផលិតផលពីប្រទេសបារាំងនេះ ជាមួយកិច្ចសន្យារយៈពេល ១ឆ្នាំពេញ ។

ធារី បន្ដថា ក្នុងនាមខ្លួនបានចាប់កំណើតនៅប្រទេសបារាំង លោកបានស្គាល់ច្បាស់ពីប្រវត្តិទឹកបរិសុទ្ធម៉ុងប្លង់ ដែលមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសសម្រាប់អ្នកម្ដាយ ទារក និងការឆុងម្សៅទឹកដោះគោសម្រាប់កុមារជាដើម ។ លើសពីនេះ ក្នុងនាមកីឡាករអាជីព ក៏ត្រូវការទឹកបរិសុទ្ធមានគុណភាព សម្រាប់បង្កើនថាមពលក្នុងហ្វឹកហាត់ និងការប្រកួតផងដែរ ។

ទន្ទឹមជាមួយគ្នាលោក Philip អ្នកតំណាងក្រុមហ៊ុនទឹកបរិសុទ្ធម៉ុងប្លង់ ពីប្រទេសបារាំង បានបង្ហាញនូវសេចក្ដីរីករាយ ចំពោះការជ្រើសរើសកីឡាករជម្រើសជាតិកម្ពុជា ដែលចាប់កំណើតនៅប្រទេសបារាំង និងគ្រួសារ មកធ្វើជាអ្នកតំណាងផលិតផលរបស់ខ្លួននៅកម្ពុជា ហើយលោកសង្ឃឹមថា ទឹកបរិសុទ្ធនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ។

សូមបញ្ជាក់ថា ធារី ចន្ថាប៊ីន មកប្រកបអាជីពនៅកម្ពុជា តាំងពីឆ្នាំ២០១២ ជាមួយក្លិបភ្នំពេញក្រោន ។ បន្ទាប់មកឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០ ខ្សែបម្រើដ៏មានប្រជាប្រិយភាពនេះ បានផ្ទេរទៅលេងនៅក្លិបធំៗមួយចំនួន នៅថៃ និងលីគកំពូលម៉ាឡេស៊ី មុនផ្ទេរមកចូលរួមជាមួយក្លិបវិសាខា នៃលីគកំពូលកម្ពុជាវិញ នាឆ្នាំ២០២១ ខាងមុខ ៕