(អង់គ្លេស)៖ ក្លិបបាល់ទាត់ Wolves ដែលលេងក្នុងក្របខណ្ឌ Premier League បានហាមឃាត់កីឡាកររបស់ខ្លួន ពីការចូលទិញទំនិញ នៅផ្សារទំនើប ស្របពេលដែលមានការព្រួយបារម្ភថា ពួកគេអាចឆ្លងវីរ៉ុស COVID-19 ខណៈករណីឆ្លងកំពុងមានការកើនឡើង នៅទូទាំងចក្រភពអង់គ្លេស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។

ការធ្វើតេស្តរកវីរ៉ុស លើកីឡាករ និងបុគ្គលិក នៅក្នុងក្របខណ្ឌកម្រិតកំពូលរបស់អង់គ្លេស Premier League ត្រូវបានធ្វើឡើងពីរទៅបីដង ក្នុងមួយសប្តាហ៍ នៅក្នុងតំបន់នានា នៃប្រទេសដែលកំពុងស្ថិតនៅក្រោម ការរឹតត្បិតចំនួន៤កម្រិត។

ជុំចុងក្រោយនៃការធ្វើតេស្ត នៅក្នុងក្របខណ្ឌ Premier League បានរកឃើញថា មានករណីវិជ្ជមានចំនួន៧ករណី ពីការធ្វើតេស្តលើមនុស្ស១,៥៦៩នាក់ នៅថ្ងៃចន្ទ។

«យើងមានបុគ្គលិក សម្រាប់ទៅផ្សារទិញទំនើប សម្រាប់ពួកគេ», នេះបើតាមសម្តីលោក Nuno Espirito Santo គ្រូបង្វឹកក្លិប Wolves បានឲ្យដឹង នៅមុនពេលដែលក្រុមរបស់លោក នឹងជួបជាមួយក្រុម Tottenham នៅថ្ងៃអាទិត្យ។

គួររំលឹកថា ក្លិប Wolves ក៏ធ្លាប់បានប្រាប់កីឡាកររបស់ខ្លួន ឲ្យជៀសវាងទៅផ្សារទំនើបផងដែរ នៅអំឡុងពេលការបិទប្រទេសជាលើកដំបូង រយៈពេល៣ខែ ពោលគឺនៅចម្លោះខែមីនា និងខែឧសភា ឆ្នាំនេះ៕