(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំ ប្រភេទ C919 ដែលអភិវឌ្ឍន៍ឡើងក្នុងស្រុក ដោយប្រទេសចិន បានចាប់ផ្តើមធ្វើការហោះហើរសាកល្បង នៅតំបន់អាកាសធាតុត្រជាក់ខ្លាំង ស្ថិតក្នុងទីក្រុង Hulunbuir នៃតំបន់ស្វ័យភាព Inner Mongolia Autonomous Region របស់ប្រទេសចិន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។

យន្តហោះបានហោះហើរទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Hulunbuir Dongshan នាថ្ងៃសុក្រ សម្រាប់ការហោះហើរសាកល្បង ដែលត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការដំណើរការប្រព័ន្ធ និងឧបករណ៍យន្តហោះ ក្នុងអាកាសធាតុត្រជាក់ខ្លាំង។

ក្រុមការងារហោះហើរសាកល្បង មកពីក្រុមហ៊ុន Commercial Aircraft Corporation of China ដែលជាក្រុមហ៊ុនផលិតយន្តហោះនេះ បានលើកឡើងថា យន្តហោះ កំពុងធ្វើការហោះហើរសាកល្បង នៅឯអាកាសយានដ្ឋានជាច្រើន ស្ថិតក្នុងតំបន់ជាច្រើនផងដែរ។

ទីក្រុង Hulunbuir ត្រូវបានគេជ្រើសរើស សម្រាប់ការធ្វើការហោះហើរសាកល្បង ដោយសារទីក្រុងនេះ ត្រូវបានគេដឹងថា មានអាកាសធាតុត្រជាក់ខ្លាំង ជាមួយនឹងសីតុណ្ហភាពជាមធ្យម-២៥អង្សាសេ ក្នុងរដូវរងារ។ ទីក្រុងមួយនេះ ក៏បានទាក់ទាញក្រុមហ៊ុនផលិតបរិក្ខាដទៃទៀត ដើម្បីធ្វើការសាកល្បង ក្នុងអាកាសធាតុត្រជាក់ខ្លាំងផងដែរ៕