(ភ្នំពេញ)៖ កញ្ញា ឆាយ នីតា គឺជាតារាសម្តែងពន្លកថ្មីមួយរូប ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ផលិតករនានា។ តារាស្រីដែលវិវត្តន៍ខ្លួនចេញពីតារាបង្ហាញម៉ូតរូបនេះ ថែមទាំងទទួលបានការពេញចិត្តពីផលិតកម្មក្រៅស្រុកផងដែរ ដោយនាងធ្លាប់ត្រូវបានផលិតករចិន ហៅថតរឿងដុំមួយ ដែលថតនៅទឹកដីសៀមរាបអង្គររបស់ប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា ឆាយ នីតា បានបង្ហាញចំណាប់អារម្មណ៍ជាច្រើនកំឡុងពេលដែលនាងបានចូលរួមសម្តែងភាពយន្តជាមួយជនជាតិចិន។ ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី ក្នុងកម្មវិធីខាងលើ កញ្ញា ឆាយ នីតា បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការប្រឡងក្នុងកម្មវិធី «កញ្ញាឯកទេសចរណ៍» ដោយទទួលបានចំណាត់ថ្នាក់លេខ១ និងបានចាប់យកអាជីពជាតារាសម្តែងតាំងពីនោះរហូតមក ដោយរឿងដំបូងមានចំណងជើងថា «កុំងាកក្រោយ» ដែលជាប្រភេទរឿងដុំរបស់ផលិតករខ្មែរ លោកចាន់ណា រ៉ូណាន់។
បន្ថែមពីនេះ សម្រាប់រឿងទី២វិញ ឆាយ នីតា ត្រូវបានផលិតករជនជាតិចិនចាប់អារម្មណ៍ជាខ្លាំង រហូតទាក់ទាញចិត្តផលិតករឲ្យទាក់ទង នីតា ទាល់តែបានក្នុងការថតរឿងដុំមួយ ក្រោយចំណងជើងថា «អង្គរក្សពិសេស» ដែលសម្តែងជាមួយជនជាតិចិន ខណៈរឿងនេះផ្ទាល់ត្រូវបានគេដឹងថា ថតនៅទឹកដីសៀមរាបអង្គរដែលជាទឹកដីប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា។
អតីតបវរកញ្ញាទេសចរណ៍ឆ្នាំ២០១៦ រូបនេះបានបន្ថែមថា បទសោធន៍សម្តែងភាពយន្តជាមួយផលិតករចិន គឺមិនពិបាកខ្លាំងនោះទេ ពោលគឺក្រុមការងាររៀបចំឲ្យមួយចប់តែម្តង សំខាន់ខ្លួននាងផ្ទាល់ដឹងពីតួអង្គដែលត្រូវសម្តែង និងបញ្ចេញឲ្យអស់សមត្ថភាពគឺជាការស្រេច។ នីតា បន្តថា ការថតជាមួយផលិតករចិន មានភាពងាយស្រួល ព្រោះថាក្រៅពីមានសមត្ថភាពផ្ទាល់ខ្លួន ទាក់ទងនឹងការងារវិញ គឺផលិតករៀបចំឲ្យមួយកំផ្លេរ ពោលគឺមានពេលវេលាច្បាស់លាស់ ត្រូវសម្រាក់គឺត្រូវសម្រាក ម៉ោងហូបចុកគឺហូប និងម៉ោងថតត្រូវថត។
គួរជម្រាបថា ក្រៅពីសម្តែងរឿងពីរខាងលើ តារាស្រីស្រស់សោភារូបនេះ ក៏បានបញ្ចេញស្នាដៃសម្តែងភាពយន្តជាបន្តបន្ទាប់ផងដែរ ដោយនាងត្រូវបានគេដឹងថាជាតួឯកស្រី ក្នុងរឿង «ប្រហុកក្រអូប» និងរឿងដែលគ្រោងចាក់ផ្សាយនាពេលខាងមុខ គឺមានចំណងជើងថា «ចំណងអាពាហ៍ពិពាហ៍»៕