(សេអ៊ូល)៖ យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុន Samsung លក់ទូរស័ព្ទដៃបានជិត ៣០០លានគ្រឿងនៅក្នុងឆ្នាំនេះ ដែលវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុន និងលើកទី១ ដែលលក់បាននៅក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
ក្រុមអ្នកវិភាគបានលើកឡើងថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung នឹងលក់ទូរស័ព្ទដៃបានត្រឹមតែ ២៧០លានគ្រឿងប៉ុណ្ណោះ ប៉ុន្តែ របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយសារព័ត៌មានចិន និងត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកកូរ៉េបានឱ្យដឹងថា នៅក្នុង នេះ ក្រុមហ៊ុន Samsung លក់ទូរស័ព្ទដៃបានសរុបជិត ៣០០លានគ្រឿង។
ក្រុមហ៊ុន Samsung បានបញ្ជាក់ឱ្យដឹងថា នៅត្រីមាសទី៣នេះ ខ្លួនលក់ទូរស័ព្ទដៃបាន ១៨៩លានគ្រឿង ដែលជាតួលេខល្អបំផុតមួយ ផងដែរសម្រាប់ក្រុមហ៊ុនកូរ៉េខាត្បូងមួយនេះ ខណៈដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតខ្លាំងនៅពាសពេញពិភពលោក។
ក្រុមហ៊ុន Samsung បានកំណត់គោលដៅថា នៅឆ្នាំ ២០២១ខាងមុខនេះ នឹងលក់ទូរស័ព្ទឱ្យបាន ៣០៧លានគ្រឿង ដោយក្នុងនោះ នឹង បញ្ចេញទូរស័ព្ទដែលមានតម្លៃមធ្យម និងខ្ពស់ ដោយប្រើបច្ចេកវិទ្យា 5G ជាពិសេសគឺទូរស័ព្ទប្រភេទ Foldable ជាមួយនឹងក្ដីរំពឹងថា នឹង ទទួលបានការគាំទ្រច្រើន៕