(ប៉ារីស)៖ លោក Maurocio Pochettino បានចុះកិច្ចសន្យាដឹកនាំក្លិប Paris Saint-Germain នៅក្រោយពេលលោក Thomas Tuchel បានយល់ព្រមយកសំណង ៥.៤លានផោន ដែលស្មើនឹង ៧.៣លានដុល្លារពីការបញ្ចប់កិច្ចសន្យាមុនកាលកំណត់។

តាមរយៈព៌ត៌មានពីគេហទំព័រកីឡា Dailymail បានចេញផ្សាយថា អតីតគ្រូបង្វឹកក្លិប Tottenham Hotspur ខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំក្លិបជើងឯកបារាំង PSG នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅក្រោយពេលលោក Tuchel ឈានដល់កិច្ចព្រមព្រៀងទទួលយកប្រាក់សំណង ៧.៣លានដុល្លារពីការបញ្ចប់តំណែងមុនកាលកំណត់។

តែយ៉ាងណា សម្រាប់កិច្ចសន្យាថ្មីរបស់លោក Pochettino និងតម្លៃពលកម្មក្នុងក្លិបអ្នកមានបារាំងមួយនេះ មិនត្រូវបានទទម្លាយឲ្យដឹងឡើយ នៅពេលដែលអតីតកីឡាករនៃក្លិប PSG នៅចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០០៣ ខាងលើនេះអត់មានការងារធ្វើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino ពុំទាន់ធ្លាប់ដឹកនាំក្លិបណាមួយឈ្នះជើងឯក UEFA Champions League នៅឡើយទេ បានត្រឹមដឹកនាំ Spurs ឈានមកដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៩ ដោយចាញ់ Liverpool គ្រាដែល Thomas Tuchel នាំ Paris មកដល់វគ្គផ្តាច់ព្រ័ត្រម្តងជាប្រវត្តិសាស្រ្តនារដូវកាលមុន ដោយបានចាញ់ Bayern Munich របស់អាល្លឺម៉ង់៕