(ភ្នំពេញ)៖ ពិតណាស់ តារាចម្រៀងស្រីវ័យក្មេងកំពុងមានភាពល្បីល្បាញ ប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា ចាប់ផ្តើមលេចមុខលេចមាត់កាន់តែខ្លាំងហើយ ក្រោយបទចម្រៀងរបស់នាង ដែលបញ្ចេញមកសុទ្ធសឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ។ ចុងក្រោយនេះ ក៏មានការបែកធ្លាយដំណឹងថា តន់ ច័ន្ទសីម៉ា មានតម្លៃខ្លួនមិនអន់ឡើយ សម្រាប់តម្លៃខ្លួនក្នុងការឡើងច្រៀង រាល់ការប្រគំតន្ត្រីនានា ពោលគឺមានតម្លៃ៥ពាន់ដុល្លារ និង២ម៉ឺនដុល្លារឯណោះទៅតាមកម្មវិធីតូចធំ។
យ៉ាងណាមិញ ដំណឹងនេះត្រូវបានបញ្ចេញមក មិនទាន់បានមួយចំអិនកំពឹសផង ស្រាប់តែមានក្រុមហ៊ុនដ៏ធំមួយ គឺ Smart ជាក្រុមហ៊ុនធំទី១ ដែលហ៊ានជួលតារាស្រីរូបនេះទៅច្រៀង ប៉ុន្តែបើធៀបនឹងតារាបរទេស វិញ Smart ធ្លាប់ជួលរាប់ សែនដុល្លារឯណោះ ។
តំណាងផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់ Fresh News Plus ថា បន្ទាប់ពីបានចរចាតម្លៃខ្លួនរួចហើយ កញ្ញា តន់ ច័ន្ទសីម៉ា នឹងបង្ហាញវត្តមានក្នុងកម្មវិធីចុងឆ្នាំដ៏អស្ចារ្យ ២០២១ «Virtual Sky–High New Year Countdown» ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឆាប់ៗនេះ។ កម្មវិធីនេះនឹងនាំមកនូវការកម្សាន្តសប្បាយៗ ជាមួយសិល្បករ-សិល្បការិនី ជាង២០រូបផ្សេងទៀត។ ក្នុងចំណោមនោះ តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា ទទួលបានក្នុងតម្លៃថ្លៃជាងគេ។
គួរជម្រាបថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បាននឹងកំពុងតែឈរនៅលំដាប់កំពូល ខណៈបទចម្រៀងរបស់នាង មានអ្នកទស្សនារហូតជិត៥០០លានដង ដែលចំនួននេះ មិនទាន់អាចមានតារាចម្រៀងរូបណា អាចយកឈ្នះនាងបាននៅឡើយ។
ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀងតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់និងច្រើនភាសា មានបទចម្រៀងចេញច្រើន ដែលគេមិនអាចធ្វើបានដូចហើយល្បីស្ទើរគ្រប់បទ។ កាន់តែពិសេស នាងកាន់តែលេចធ្លោ ក្រោយពីនាងបានចាប់ដៃគូជាមួយតារាចម្រៀងសំឡេងស្អកលោក ខេម និងមានបទចម្រៀងរបស់ពួកគេ កំពុងផ្ទុះខ្លាំងទៀតផង៕