(អាមេរិក)៖ កំពូលតារាចម្រៀងល្បីរបស់អាមេរិក Beyonce នឹងធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់មនុស្សដែលកំពុងប្រឈមមុខ នឹងការបណ្តេញចេញពីផ្ទះជួល ដោយសារពួកគេគ្មានប្រាក់បង់ថ្លៃឈ្នួល ព្រោះតែជួបវិបត្តិហិរញ្ញវត្ថុ បង្កឡើងដោយការរាតត្បាតកូវីដ១៩។ នេះបើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបញ្ចេញដោយមូលនិធិសប្បុរសធម៌ របស់តារាចម្រៀង Beyonce បានឲ្យដឹងថា តារាចម្រៀងស្រីដួងនេះ នៅតែបន្តធ្វើអំពើល្អ ក៏ដូចជាគាំទ្រដល់ការធ្វើសប្បុរសធម៌ ទៅកាន់មនុស្សដែលកំពុងត្រូវការជំនួយជាចាំបាច់។
ក្នុងនោះ មានគ្រួសារជាច្រើន ត្រូវបណ្តេញចេញពីផ្ទះជួល ដោយសារផុតកុងត្រាជួល នៅថ្ងៃទី២៦ ខែធ្នូ ខណៈភាគច្រើននៃពួកគេបានរងផលប៉ះពាល់យ៉ាងខ្លាំង ផ្នែកហិរញ្ញវត្ថុ ដោយសារតែជំងឺកូវីដ១៩ ដូច្នេះគ្មានប្រាក់គ្រប់គ្រាន់ ក្នុងការបង់ថ្លៃផ្ទះជួយបន្ត។
ទន្ទឹមគ្នានេះ ជំនួយចំនួន ៥ពាន់ដុល្លារនឹងត្រូវប្រគល់ឲ្យជនខ្វះខាតចំនួន ១០០នាក់ ដែលរស់នៅសហរដ្ឋអាមេរិក នៅចុងខែមករានេះ៕