(ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ ឆ្នាំទី១» ដឹកនាំដោយ លោក អ៉ីវ គឹមសួរ ជាប្រធានគម្រោង ព្រមទាំងតំណាងក្រុមហ៊ុនឧបត្ថម្ភមួយចំនួន បានចុះធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរពេទ្យនេះ។
ជាមួយនឹងដំណើរទស្សនកិច្ចនេះ មានថវិកាចំនួន ១៣ ២០០ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទ្រទ្រង់ដល់ដំណើរការពិនិត្យ ព្យាបាលកុមារកម្ពុជា ដោយឥតគិតកម្រៃនៅក្នុងមន្ទីរពេទ្យនេះ។
ថវិកាទាំងអស់នេះ គឺប្រមូលបានមកពីការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន និងសប្បុរសជនមួយចំនួននៅក្នុងព្រឹត្តិការណ៍ «តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ ឆ្នាំទី១» ដូចជា ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន (ឧបត្ថម្ភធំជាងគេ) និងសហការឧបត្ថម្ភដោយក្រុមហ៊ុនដូចជា Global Top Star Industrial Co., Ltd, Mao Kim Sean, SN Crab, Winest Blue Opportunity Market, BCP Lubricants, 3S Auto រួមទាំងក្រុមហ៊ុន និងសប្បុរសជនជាច្រើនទៀតផងដែរ ដែលព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធនៅថ្ងៃទី១១-១២-១៣ ខែធ្នូ ឆ្នាំ២០២០ នៅទីតាំងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។ ប៉ុន្តែកម្មវិធីនេះ ត្រូវខកខានមិនអាចកើតឡើងបាន ដោយសារតែមានព្រឹត្តិការណ៍ផ្ទុះការឆ្លងជំងឺកូវីត១៩ នៅក្នុងសហគមន៍ថ្ងៃ ២៨ វិច្ឆិកា។
គណៈកម្មការរៀបចំព្រឹត្តិការណ៍សម្រេចចិត្តបែបនេះដោយល់ឃើញថា គោលការណ៍ចម្បងបំផុតនៃការបង្កើតព្រឹត្តិការណ៍ខាងលើ គឺដើម្បីស្វែងរកមូលនិធិជូនដល់មន្ទីរពទ្យកុមារអង្គរ ដូច្នេះពួកគេមិនអាចបញ្ឈប់ការឧបត្ថម្ភនេះបានទេ បើទោះបីជាមិនមានសកម្មភាពនៃព្រឹត្តិការណ៍ក៏ដោយ។
គណៈកម្មការទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកឧបត្ថម្ភព្រឹត្តិការណ៍ទាំងអស់ ដែលឯកភាពទៅនឹងឆន្ទៈនៃការជួយឧបត្ថម្ភខាងលើនេះផងដែរ។
លោក អ៉ីវ គឹមសួរ គ្រូបង្វឹកអាជីវកម្មមកពី ActionCOACH និងជាសមាជិកនៃ BNI Master Chapter ព្រមទាំងជាអ្នកផ្តួចផ្តើមដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានថ្លែងថា «ខ្ញុំបាទផ្ទាល់ និងក្រុមការងារមានការសោកស្តាយជាខ្លាំងដោយព្រឹត្តិការណ៍នេះមិនអាចប្រព្រឹត្តទៅបាន ហើយក៏សូមខន្តីអភ័យទោសទៅដល់អ្នកចុះឈ្មោះ ក៏ដូចជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍ផងដែរ តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំបាទព្រមទាំងក្រុមការងារមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ និងអ្នកចុះឈ្មោះទាំងអស់ដែលនៅតែមានទឹកចិត្តចូលរួមចំណែកប្រគល់ថវិកាទៅដល់មន្ទីរពេទ្យកុមារអង្គរ។ វាបានបង្ហាញពីស្មារតីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌របស់ប្រជាជនខ្មែរយើង ដែលនេះហើយជាអ្វីដែលខ្ញុំបាទចង់ឃើញ»។
លោកបានបន្ថែមថា «ថ្វីត្បិតព្រឹត្តិការណ៍នេះជាការរៀបចំលើកដំបូងពិតមែន តែសង្ឃឹមថាវាមិនមែនជាលើកចុងក្រោយដែរ»៕