(កូរ៉េ)៖ ដោយសារតែការមានការកើនឡើង នូវជំងឺរាតត្បាតកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងត្បូង កម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្ត្រីប្រចាំឆ្នាំដ៏ល្បីរបស់កូរ៉េលើកទី១០ មានឈ្មោះថា «Gaon Chart Music Awards» ត្រូវបានប្រកាសថា នឹងមិនធ្វើឡើងដោយផ្ទាល់នៅលើឆាកដូចរាល់ដងឡើយ។ នេះបើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មានកូរ៉េ allkpop នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ដោយសារតែមានការព្រួយបារម្ភ ចំពោះការកើនឡើងនូវវីរុសកូវីដ១៩ និងមានការរិះគន់ថា ការសម្តែងតន្រ្តីមិនបានគោរពតាមគោលការណ៍រឹតបន្តឹងនោះ បានធ្វើឲ្យការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់នេះ មិនត្រូវបានរៀបចំឡើង នៅលើឆាកដូចរាល់ដងឡើយ ដោយជំនួសមកវិញ តាមរយៈពិធីករពីររូប គឺ Leeteuk នៃក្រុម Super Junior និង Lia នៃក្រុម ITZY នឹងធ្វើការប្រកាសអ្នកឈ្នះពានរង្វាន់ក្នុងកម្មវិធី «Gaon Chart Music Awards» លើកទី១០ តាមរយៈវិទ្យុ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៥៧,៦៨០ករណី ក្នុងនោះមានអ្នកសា្លប់ ៨១៩នាក់ និងជាសះស្បើយ ៣៩,២៦៨នាក់។ នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងក៏បានប្រកាស ជំរុញល្បឿននៃការបញ្ជាទិញ និងចែកចាយវ៉ាក់សាំង COVID-19 ផងដែរ ដើម្បីឆ្លើយតបនឹងស្ថានការណ៍អាសន្នបែបនេះ៕