(មែលប៊ើន)៖ កីឡាករវាយកូនបាល់ទោល Roger Federer មិនទាន់ច្បាស់ថាអាចវិលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open 2021 បានឬយ៉ាងណានោះទេ ដោយសារបញ្ហាវះកាត់ជង្គង់ខាងស្តាំរបស់គេនៅមិនជាសះស្បើយនៅឡើយ ដែលអាចជាការខកខានលើកដំបូងក្នុងប្រវត្តិប្រជែងក្នុងកម្រិត Grand Slam នៅទឹកដីអូស្ត្រាលី។

ប្រភពពី BBC បានឲ្យដឹងថា កីឡាករដែលឈ្នះពានកម្រិតពិភពលោក ៦សម័យកាល Roger Federer សញ្ជាតិស្វីស អាចនឹងខកខានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំ Australian Open 2021 ខាងមុខនេះ ដោយការវះកាត់ព្យាបាលជង្គង់ខាងស្តាំដែលទទួលរងតាំងពីឆ្នាំ២០១៦ មក តែក៏ស្ថិតក្នុងលក្ខខណ្ឌអាចនឹងវិលចូលប្រកួតបានវិញ បន្ទាប់ពីខកខាននៃកម្មវិធីនានាតាំងពីខែមករាឆ្នាំនេះ។

Federer ដែលឈ្នះពាន ២០លើកផ្សេងគ្នាក្នុងកម្រិត Grand Slam ធ្លាប់មានប្រវត្តិចូលរួមប្រកួតកម្មវិធី Australian Open បានចំនួន ២១លើកមកហើយ ខណៈកម្មវិធីប្រកួតនេះគ្រោងចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលដោយសារវិបត្តិវីរុសឆ្លង COVID-19៕