(ឥណ្ឌា)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc នឹងចាប់ផ្តើមប្រតិបត្តិការនៅប្រទេសឥណ្ឌា នាឆ្នាំ២០២១ខាងមុខនេះ, នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nitin Gadkari ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្រុមហ៊ុនផលិតរថយន្តនេះ នឹងចាប់ផ្តើមការលក់ ហើយក្រោយមកអាចនឹងពិនិត្យមើលលើការដំឡើង និងផលិតរថយន្ត ដោយផ្អែកលើការឆ្លើយតប, នេះបើតាមការបញ្ជាក់ពីលោករដ្ឋមន្ត្រី។
ក្រុមហ៊ុន Tesla និងការិយាល័យរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ភ្លាមៗនេះមិនអាចសុំការបកស្រាយបាននោះទេ។
ទោះបីចង់កាត់បន្ថយ ការពឹងផ្អែកលើប្រេងរបស់ខ្លួន និងកាត់បន្ថយការបំពុលក៏ដោយ, កិច្ចប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការជំរុញឲ្យប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានរារាំង ដោយកង្វះការវិនិយោគក្នុងផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ថានីយសាកថាមពលជាដើម។
ម៉ូដែលដំបូង នឹងចាប់ផ្តើមគឺ Model 3 ដែលជាប្រភេទរថយន្តដែលថោកជាងគេបំផុត ក្នុងចំណោមរថយន្តរបស់ Tesla ជាមួយនឹងតម្លៃចាប់ផ្តើម៧៤,៧៣៩ដុល្លារ (៥,៥លានរ៉ូបពី)។
នៅក្នុងខែតុលាកន្លងទៅ រដ្ឋាភិបាលរដ្ឋ Maharashtra របស់ឥណ្ឌា បានអញ្ជើញក្រុមហ៊ុន Tesla មកវិនិយោគ នៅក្នុងរដ្ឋមួយនេះ ប៉ុន្មានសប្តាហ៍បន្ទាប់ពីនាយកប្រតិបត្តិ លោក Elon Musk ស្នើឲ្យមានការចូលទៅវិនិយោគនៅក្នុងប្រទេសមួយនេះ៕