(បាសេឡូណា)៖ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អេស្ប៉ាញ La Sexta កីឡាករខ្សែប្រយុទ្ធ Lionel Messi មានបំណងទៅលេង និងដកបទពិសោធថ្មីជាមួយក្លិបដែលលេងក្នុងលីគកំពូលអាមេរិក ក្រោយចប់កិច្ចសន្យាចាស់ជាមួយ FC Barcelona នៅខែមិថុនា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។

Messi ដែលមានវ័យ ៣៣ឆ្នាំទៅហើយនោះបានថ្លែងថា «នៅពេលនេះខ្ញុំមិនទាន់ set ពីគម្រោងជាក់លាក់នៅឡើយទេ ក្រៅពីរង់ចាំរហូតដល់ចប់កិច្ចសន្យាសិន។ ខ្ញុំចង់ទៅលេងនៅអាមេរិក ដើម្បីបានដកបទពិសោធថ្មីក្នុងជីវិត និងលីគនៅទីនោះ តែក៏មានឱកាសអាចត្រឡប់មក Barcelona វិញផងដែរក្នុងករណីណាមួយ។ ក្នុងខណៈនេះ ខ្ញុំផ្តោតតែអារម្មណ៍ក្នុងក្រុម ដើម្បីបញ្ចប់រដូវកាលនេះឲ្យបានល្អ និងឈ្នះពានផ្សេងៗទៀតតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ»

គួររំលឹកផងថា កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានមកចូលរួមជាមួយក្រុមយុវជន FC Barcelona តាំងពីគេមានអាយុទើបតែ ១៣ឆ្នាំមកម្ល៉េះ និងត្រូវបានកោះហៅចូលក្រុមធំក្នុងឆ្នាំ២០០៥។

Messi មានភាពរកាំរកូសជាមួយប្រធានក្លិបលោក Josep Maria Bartomeu រហូតដល់ចង់ចាកចេញពីទឹកដី Camp Nou ថែមទៀតផង តែមិនត្រូវបានក្លិបប្រចាំតំបន់ Catalan មួយនេះអនុញ្ញាតឡើយ ដោយត្រូវបង្វំចិត្តលេងដល់ចប់កិច្ចសន្យាជាមុនសិន៕