(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) បានអនុញ្ញាតឱ្យមានការហោះហើរនូវយន្តហោះពពួក Drone តូចៗបាន នៅពីលើមនុស្ស និងនៅពេលរាត្រី ដោយការហោះហើរនេះ គឺក្នុងគោលដៅពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្ម នៅយុគសម័យជំងឺកូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

FAA បានបញ្ជាក់ថា វាជាការរង់ចាំដ៏យូរទម្រាំតែច្បាប់មួយនេះត្រូវបានអនុញ្ញាត។ យន្តហោះ Drone ឬយន្តហោះគ្មានមនុស្សបើកបរ តូចៗ នេះនឹងជួយសម្រួលដល់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដឹកជញ្ជូនមួយចំនួន ដោយពួកគេគ្រាន់តេកំណត់ទីតាំងរបស់អតិថិជន និង ធ្វើ ការ បញ្ជាពីចម្ងាយ។

នៅមុននេះ ការហោះហើរ Drone តូចៗត្រូវបានអនុញ្ញាតតាមតំបន់មួយចំនួន ប៉ុន្តែមិនអនុញ្ញាតឱ្យមានការហោះហើរពីលើមនុស្សទេ ដោយ អាចហោះហើរតាមតំបន់ និងកន្លែងមួយចំនួនដែលត្រូវបានអនុញ្ញាតឱ្យ FAA ។

ជាមួយគ្នានេះផងដែរ FAA ក៏បានលើកឡើងផងដែរថា សម្រាប់ក្រុមហ៊ុនដែលអនុញ្ញាតឱ្យមានការហោះហើរ Drone តូចៗនេះ ត្រូវតែមាន ច្បាប់ និងអត្តសញ្ញាណសម្រាប់សម្គាល់ក្រុមហ៊ុនច្បាស់លាស់ ព្រោះវាដើម្បីរក្សាសន្តិសុខ និងសុវត្តិភាព ជាពិសេសគឺត្រូវចុះឈ្មោះ ដើម្បី ទទួលបាន Remote ID ពី FAA ។

ដើម្បីអាចហោះហើរ Drone បាន ក្រុមហ៊ុនទាំងអស់ត្រូវតែប្រើប្រាស់នូវ Drone ដែលចេញពីក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយ ពី FAA ដោយក្នុងនោះវាគឺជា Drone មួយដែលមានលក្ខណៈពិសេស ដើម្បីការពារការប៉ះទង្គិច និងបង្កហានិភ័យផ្សេងៗ ជាពិសេសគឺមានអំពូល ភ្លើងសម្រាប់បំភ្លឺនៅពេលរាត្រី៕