(ក្រុងឡុងដ៍)៖ ខ្សែការពារ Gabriel បានឆ្លងជំងឺ Covid-19 ដែលធ្វើឲ្យកីឡាករប្រេស៊ីលរូបនេះអាចអវត្តមានពេលកាំភ្លើងធំ Arsenal ប៉ះក្រុមសារិកាព្រៃ Newcastle United សម្រាប់ជុំទី៣ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ដែលនឹងធ្វើឡើងនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។

កីឡាករវ័យ ២៣ឆ្នាំ Gabriel ត្រូវបានក្លិប Arsenal ប្រកាសពីការនៅដាច់ដោយឡែកពីគេកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពេលតេស្តវិជ្ជមាននៃជំងឹ Covid-19 ដែលធ្វើឲ្យរូបគេខកខាន ១ប្រកួតផងដែរពេល Arsenal យកឈ្នះ ៣-១ ទៅលើតោខៀវ Chelsea ក្នុងលីគដ៏គួរឲ្យភ្ញាក់ផ្អើល។

តែយ៉ាងណា អតីតកីឡាករក្លិប Lille ខាងលើនេះក៏បន្តអវត្តមានពេល Arsenal ប៉ះ Brighton នៅរាត្រីថ្ងៃអង្គារនេះក្នុង Premier League មុនពេលប៉ះ West Brom នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរ និងកំពុងស្រពិចស្រពិលពេលប៉ះ Newcastle United នៅ FA Cup ទៀតផង នៅពេលដែលខ្សែការពារ David Luiz និងខ្សែបម្រើ Willian មានបញ្ហាសុខភាពក្នុងសប្តាហ៍នេះដូចគ្នា។

ស្ថិតក្រោមការបង្វឹកដោយផ្ទាល់របស់លោក Mikel Arteta ខ្សែការពារ Gabriel បានចូលលេងចំនួន ១៥ប្រកួត និងរកបាន ២គ្រាប់ផងដែរ គិតចាប់តាំងពីចាកចេញពីក្លិបបារាំង Lille កាលខែកញ្ញា ឆ្នាំ២០២០ ក្នុងតម្លៃខ្លួន ២៣លានផោន៕