(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានបង្ហាញនូវក្ដីរំពឹងខ្ពស់ ចំពោះកីឡាករចំណូលថ្មី ៥រូប រួមមានកីឡាករ នេន សុធារ័ត្ន, នុប តុលា, សំអឿន ពិដោរ, ពេជ្រ សុវណ្ណខេមរិន្ទ្រ និង តាំង សុភ័ក្រ ដើម្បីពង្រឹងក្រុមកាន់តែល្អប្រសើរសម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២១។
អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើបានបញ្ជាក់ថា «ចំពោះកីឡាករ ៥នាក់ដែលទើបនាំចូល គឺជាក្ដីរំពឹងខ្ញុំខ្លាំងមែនទែនសម្រាប់រដូវកាលក្រោយនេះ ដោយសាររដូវកាលនេះ ខ្ញុំមានកីឡាករដោះដូរច្រើន បានន័យថា មានកីឡាករបម្រុងល្អៗ។ ចឹងហើយអាចជាក្ដីរំពឹងរបស់ខ្ញុំមួយ សម្រាប់ការរៀបចំទម្រង់លេងរបស់ខ្ញុំកាន់តែល្អជាងមុន»។
យ៉ាងណាក្ដី ណាហ្គានៅមិនទាន់បញ្ចប់ការនាំចូលកីឡាករនោះទេ។ លោក មាស ចាន់ណា បន្ដថា «ក្លិបមិនទាន់បញ្ចប់ការនាំចូលកីឡាករថ្មីនោះទេ ដោយសារយើងអត់ទាន់បាននាំចូលកីឡាករបរទេស ហើយកីឡាករខ្មែរយើងនៅតែមើលបន្ដទៀត ពិសេសយុវជន ជាក់ស្ដែងយើងបានយកយុវជន២ ឬ៣នាក់បន្ថែម ដែលធ្វើតេស្ដពួកគាត់។ ចឹងយើងនៅតែរើសថែម»។
គួរបញ្ជាក់ថា សមាជិកថ្មីទាំង ៥រូបរបស់ក្រុមជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ខាងលើ សុទ្ធសឹងជាកីឡាករមានបទពិសោធ និងធ្លាប់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ជាក់ស្ដែងកីឡាករ នេន សុធារ័ត្ន, នុប តុលា និង សំអឿន ពិដោរ ធ្លាប់ជោគជ័យខ្លាំងជាមួយក្រុមចាស់ គឺក្លិបព្រះខ័នរាជស្វាយរៀង ខណៈ ពេជ្រ សុវណ្ណខេមរិន្ទ្រ និង តាំង សុភ័ក្រ ក៏បានរួមចំណែកយ៉ាងសំខាន់ជាមួយក្រុមអង្គរថាយហ្គឺរផងដែរ។
ចំពោះទីផ្សារដោះដូរកីឡាករនៅកម្ពុជាវិញមកទល់ពេលនេះ នៅមិនទាន់បិទទ្វារនោះទេ ស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី គ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) កាលពីថ្មីៗកន្លងទៅ៕