(បរទេស)៖ កំពូលតារាចម្រៀងល្បីឈ្មោះរបស់អង់គ្លេស Jessie J ដែលជាម្ចាស់បទ «Flashlight» និងធ្លាប់សហការច្រៀងជាមួយតារាល្បីរបស់អាមេរិក Ariana Grande និង Nick Minaj នោះ ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា នាងបាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីនាងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺម្យ៉ាងឈ្មោះថា «Ménière» បន្ទាប់ពីមានអាការៈមិនអាចឮសំឡេង និងមិនអាចដើរបាន ក្រោយភ្ញាក់ពីដំណេក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន USA Today នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
ជាការកត់សម្គាល់ តារាល្បីដួងនេះ បានចំណាយពេលវេលាចូលរួមបុណ្យណូអែលឆ្នាំនេះ នៅក្នុងមន្ទីរពេទ្យ ក្រោយពីនាងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺម្យ៉ាងឈ្មោះថា «Ménière» ដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកខាងក្នុងនៃត្រចៀក និងធ្វើឲ្យនាងមិនអាចស្តាប់ឮសំឡេងអ្វីទាំងអស់។ ប្រសិនបើស្ថានភាពនៃជំងឺរបស់ Jessie J មិនអាចព្យាបាលបាន នាងនឹងបាត់បង់ការស្ដាប់សំឡេង ឬមានជំងឺថ្លង់ជារៀងរហូត។
ក្នុងបណ្តាញសង្គម Instagram តារាចម្រៀង Jessie J បានប្រាប់ទៅកាន់អ្នក Follow ចំនួន ៩.៤ លាននាក់ថា នៅពេលដែលនាងភ្ញាក់ពីដំណេក គឺមានអារម្មណ៍ថា ហ៊ឹងនៅក្នុងត្រចៀកផ្នែកខាងស្តាំ និងមិនអាចដើរបាននោះទេ។ បន្ទាប់មក នាងក៏បានដឹងថា នាងមានជំងឺ «Ménière» ដែលវាជាជំងឺម្យ៉ាងប៉ះពាល់ដល់ផ្នែកខាងក្នុងនៃត្រចៀក និងធ្វើឲ្យនាងមិនអាចស្តាប់លឺសំឡេងអ្វីទាំងអស់។
Jessie J និយាយថា «ខ្ញុំដឹងថា មានមនុស្សជាច្រើនបានប្រឈមនឹងជំងឺនេះ ហើយជាការពិតណាស់មានមនុស្សជាច្រើននៅជុំវិញខ្ញុំ បានផ្តល់ដំបូន្មានល្អៗមកខ្ញុំ ដូច្នេះនៅពេលនេះ ខ្ញុំអាចគ្រាន់តែសម្រាកដោយស្ងប់ស្ងាត់ប៉ុណ្ណោះ..!»៕