(ភ្នំពេញ)៖ កីឡាការិនីគុនចម្រុះកម្ពុជា នៅ ស្រីពៅ បានអះអាងថា ខ្លួននឹងត្រូវដកឃ្លាពីប្រដាល់គុនចម្រុះ មកផ្ដោតលើកីឡាប្រដាល់សកលឲ្យបានខ្លាំង ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ពិសេសដើម្បីសម្រេចបំណងប្រាថ្នាដ៏ធំមួយ គឺការចង់ដណ្ដើមមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ។

មុនឈានជើងប្រឡូកអាជីពប្រដាល់គុនចម្រុះលើសង្វៀន ONE Championship ស្រីពៅ បានចាប់អាជីពប្រដាល់គុនខ្មែរ និងកីឡាប្រដាល់សកល។ នៅឆ្នាំ២០១៨ នាងបានជាប់ជម្រើសជាតិប្រដាល់សកលកម្ពុជា ហើយមានឱកាសចេញទៅហាត់នៅជប៉ុន និងបានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូងកាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយដណ្ដើមបានមេដាយសំរឹទ្ធ។

កីឡាការិនីវ័យ ២៥ឆ្នាំរូបនេះបានបញ្ជាក់ថា «សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២១ខាងមុខ បំណងធំបំផុតរបស់ខ្ញុំ គឺយកមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម។ ខ្ញុំពិតជាចង់បានមេដាយស៊ីហ្គេមជូនជាតិណាស់»។ ស្រីពៅបានសង្កត់ធ្ងន់ថា «ខ្ញុំចង់បានមេដាយមាស គឺជាសុបិនយូរមកហើយ តែហោចណាស់បានត្រឹមមេដាយប្រាក់ក៏អស់ចិត្តដែរ»

ដោយឡែកពាក់ព័ន្ធនឹងអាជីពប្រដាល់គុនចម្រុះវិញ កីឡាការិនីកម្ពុជាដែលបានឈ្នះកីឡាការិនីថៃ Rika Ishige ប្រាប់ថា នាងនឹងដកឃ្លាពីការផ្តោតយកចិត្តទុកដាក់ចំពោះប្រដាល់គុនចម្រុះ។ ស្រីពៅ និយាយថា «ខ្ញុំនឹងមិនផ្តោតយកចិត្តទុកដាក់ខ្លាំងទេ ពីព្រោះឆ្នាំថ្មីខាងមុខ គឺសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំត្រូវតំណាងជម្រើសជាតិប្រដាល់សកលទៅប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម អ៊ីចឹងខ្ញុំចង់ស្វែងរកក្តីស្រមៃរបស់ខ្ញុំឲ្យសម្រេច»

សូមរំឮកថា នៅ ស្រីពៅ បានបង្ហាញខ្លួនដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ដោយទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាការិនីវៀតណាម Nguyen Thi Tam នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទម្ងន់ ៥១គីឡូក្រាម។ ចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមវិញ គ្រោងចាប់ផ្ដើមប្រកួតពីថ្ងៃទី២១-វិច្ឆិកា ដល់ថ្ងៃទី០២-ធ្នូ ឆ្នាំ២០២១ ហើយ ស្រីពៅ ក៏មានក្ដីរំពឹងក្នុងការសម្រេចលទ្ធផលល្អប្រសើរតាមបំណងប្រាថ្នាយូរអង្វែងរបស់ខ្លួនដែរ៕