(ភ្នំពេញ)៖ ទោះបីជាចំណងស្នេហាដ៏យូរអង្វែងរបស់ មាស សុខសោភា និងស្វាមី ហាក់មិនសូវលេចធ្លោរ និងបង្ហាញជាជំហរដល់មហាជនឲ្យបានដឹងក្តី ប៉ុន្តែគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ចំណងស្នេហ៍របស់ពួកគេ រស់នៅក្រោមដំបូលផ្ទះតែមួយ គឺមានរយៈពេល១១ឆ្នាំមកហើយ។
តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ត្រូវបានគេដឹងថា នាងបានសម្រេចចិត្តភ្ជាប់ចំណងស្នេហ៍ជាមួយបុរសម្នាក់ ជាអនិកជនខ្មែររស់នៅប្រទេសកាណាដា គឺលោក អ៊ិត តារា អស់រយៈពេល១១ឆ្នាំមកហើយ ដោយកន្លងមកគូស្នេហ៍របស់នាង តែងតែជូនទៅណាមកណាជាមួយគ្នា ជាពិសេសពេលដែលនាងទៅចូលរួមក្នុងកម្មវិធី ប្រគំតន្រ្តីម្តងៗ ដោយឲ្យស្វាមីជាអ្នកជូនទៅ ប៉ុន្តែមិនសូវបញ្ចេញមុខជាសាធារណៈឡើយ ហើយបើពុំមាននរណាចាប់អារម្មណ៍ទេ គឺពិតជាមិនបានដឹងថា មាស សុខសោភា មានប្តីនោះទេ។
ក្នុងឱកាសខួបចំណងស្នេហ៍១១ឆ្នាំនេះ តារាចម្រៀង មាស សុខសោភា ហាក់បង្ហាញអារម្មណ៍ក្នុងចិត្តឲ្យមហាជនបានដឹង ពីចំណងស្នេហ៍ឲ្យកាន់តែច្បាស់របស់ខ្លួន តាមរយៈបណ្តាញសង្គម Instagram ថា «សុភមង្គល និងក្ដីសុខពិតប្រាកដ គឺបាននៅជាមួយមនុស្សម្នាក់ ដែលអាចទទួលយកអ្វីៗគ្រប់យ៉ាងពីយើង លះបង់អ្វីៗគ្រប់យ៉ាងដែលគាត់ស្រឡាញ់ដើម្បីយើង ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើង នៅក្បែរយើង ផ្ដល់កំលាំងចិត្តឲ្យយើងគ្រប់ពេលវេលា សូម្បីបែកគ្នា៥នាទី ក៏នឹកដល់គ្នា»។
មាស សុខសោភា បានបន្ថែមទៀតថា «រីករាយខួប១១ឆ្នាំរបស់យើង អរគុណគ្រប់យ៉ាងដែលបានធ្វើដើម្បីខ្ញុំ វាជាក្ដីសុបិនមួយ ដែលក្លាយជាការស្រឡាញ់ពិតប្រាកដ»។
គួរជម្រាបថា មាស សុខសោភា គឺជាតារាចម្រៀងមួយដួង ដែលមានការគាំទ្រខ្លាំងពីមិត្តយុវវ័យ ហើយរហូតមកទល់នឹងចុងឆ្នាំ២០២០ នេះ នាងបានសម្រេចចិត្តចាកចេញពីផលិតកម្មថោន ដែលជាផលិតកកម្មមួយ ធ្វើឲ្យនាងមានភាពល្បីល្បាញដល់បច្ចុប្បន្ន។ ផ្ទុយទៅវិញ ងាកមករឿងស្នេហាវិញ មហាជនពិតជានឹកស្មានមិនដល់ទាល់តែសោះថា នាងមានចំណងស្នេហ៍ជាមួយស្វាមីរហូតដល់ទៅ១១ឆ្នាំ ព្រោះកន្លងមកនាងមិនធ្លាប់បង្ហាញជីវិតឯកជន ទៅកាន់អ្នកគាំទ្រឡើយ ជាពិសេសមិនធ្លាប់អះអាងថាខ្លួនមានស្វាមីនោះទេ៕