(ភ្នំពេញ)៖ កីឡាករចំណូល ៣រូបមកពីក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលក្នុងនោះរួមមាន ឈុំ ភីសា, Yudai Ogawa និងកីឡាករ Takaki Ose ត្រូវបានលោក Oleg គ្រូបង្វឹកភ្នំពេញក្រោនចាត់ទុកជាកម្លាំងសំខាន់សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខ។

ការនាំចូលកីឡាករទាំង ៣រូបដែលធ្លាប់លេងនៅទឹកដីខេត្តសៀមរាបនេះដែរ ត្រូវបានលោក Oleg បញ្ជាក់ថា «Yudai គឺជាកីឡាករដែលអ្នកបានស្គាល់ហើយ គេគឺជាកីឡាករដែលជំនាញខាងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមក្នុងការរកគ្រាប់បាល់។ យើងរំពឹងថា ភាពច្នៃប្រឌិតរបស់គាត់នៅតំបន់កណ្តាល នឹងជួយយើងបានច្រើនបន្ថែមទៀត»

លោកថា «ភីសាគឺជាកីឡាករ ១រូបដែលខ្ញុំធ្លាប់ធ្វើការជាមួយ ពេលដែលខ្ញុំនៅភ្នំពេញក្រោន គាត់មានទឹកចិត្តក្នុងការប្រយុទ្ធ មិនមានចន្លោះប្រហោងច្រើននៅតំបន់ការពារ ដោយធ្វើការជាមួយនឹងសមត្ថភាពខ្ពស់»

ចំណែកឯកីឡាករ Takaki គឺជាកីឡាករដែលមានបច្ចេកទេសល្អ ហើយយើងត្រូវការកីឡាករដែលអាចប្រយុទ្ធពីខាងក្រោមបាន ក៏ដូចគ្នាជាមួយនឹងគុណភាពការពារនៅតំបន់ខាងក្រោម។ ភីសា និង Takaki ធ្វើឲ្យយើងមានសុវត្ថិភាពបន្ថែមទៀតសម្រាប់រដូវកាលក្រោយ។ វាល្អក្នុងការអភិវឌ្ឍន៍ខ្សែការពាររបស់យើងនាពេលបច្ចុប្បន្ន ហើយក៏ជាឱកាសក្នុងការជំរុញឲ្យធ្វើការកាន់តែខ្លាំងថែមទៀតដែរ៕