(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ខ្លួននឹងបន្តការផលិតផ្ទាំងអេក្រង់ប្រភេទ LCD សម្រាប់ទូរទស្សន៍និងកុំព្យូទ័រ ដោយមើលឃើញថាតម្រូវការហាក់មានសន្ទុះកើនឡើង នៅចំពោះមុខវិបត្តិ COVID-19 ដែលបង្ខំឲ្យមនុស្សភាគច្រើនស្ថិតនៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
ការសម្រេចចិត្តខាងលើរបស់ក្រុមហ៊ុន Samsung Display ក្នុងការបន្តផលិតកម្មនៃបន្ទះអេក្រង់ LCD នៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់រយៈពេលមិនកំណត់ គឺជាការលុបចោលវិញនូវសេចក្តីប្រកាសរបស់ Samsung កាលពីខែមីនា ឆ្នាំ២០២០ នេះដែលថា ខ្លួននឹងបញ្ឈប់ការផលិតទាំងអស់នៃប្រភេទអេក្រង់ LCD នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដើម្បីផ្តោតលើបច្ចេកវិទ្យាអេក្រង់ដែលទំនើបជាងមុន។
ក្រុមហ៊ុន Samsung Display បានលើកឡើងថា រយៈពេលនៃការបន្តផលិតកម្មអេក្រង់ LCD គឺនឹងត្រូវអាស្រ័យលើស្ថានភាពនៃទីផ្សារ។ បើតាមក្រុមហ៊ុនស្រាវជ្រាវផ្នែកបច្ចេកវិទ្យា TrendForce ការដែលវិបត្តិ COVID-19 បានបង្ខំឲ្យមនុស្សភាគច្រើននៅជុំវិញពិភពលោក ត្រូវស្ថិតនៅក្នុងផ្ទះបែបនេះ បាននាំឲ្យមានកំណើនគួរឲ្យកត់សម្គាល់នៃតម្រូវការផ្ទាំងអេក្រង់ជាសកល ខណៈទូរទស្សន៍និងកុំព្យូទ័រលក់ដាច់ជាងធម្មតា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ធ្លាប់បានផលិតអេក្រង់ LCD ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងផង និងនៅក្នុងប្រទេសចិនផងដែរ ប៉ុន្តែកន្លងទៅក្នុងឆ្នាំនេះ Samsung បានលក់ចំណែកភាគហ៊ុនធំរបស់ខ្លួន នៅក្នុងក្រុមហ៊ុនដែលទទួលបន្ទុកផលិតអេក្រង់ LCD នៅចិន៕