(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លំដាប់កំពូលរបស់ចក្រភពអង់គ្លេស Premier League បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា មានបុគ្គលចំនួន១៨នាក់ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុស COVID-19, ដែលជាចំនួនករណីឆ្លងខ្ពស់ជាងគេបំផុត ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងរដូវកាលនេះ, នៅក្នុងការធ្វើតេស្តជុំចុងក្រោយ ដែលបានធ្វើឡើង នៅចម្លោះថ្ងៃទី២១-២៧ ខែធ្នូ លើកីឡាករ និងបុគ្គលិកចំនួន១,៤៧៩នាក់។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើម, មានបុគ្គលចំនួន១៣១នាក់ហើយ នៅក្នុងក្របខណ្ឌបាល់ទាត់នេះ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុស COVID-19 នៅក្នុងការធ្វើតេស្តចំនួន១៧លើក។

ក្របខណ្ឌនេះ មិនបានបញ្ជាក់ពីឈ្មោះអ្នកដែលមានភាពវិជ្ជមាន ឬក៏ក្លិបដែលពួកគេលេង នៃវីរ៉ុសឆ្លងនេះនោះទេ។ ប៉ុន្តែបានបញ្ជាក់ថា អ្នកដែលឆ្លងវីរ៉ុស ត្រូវរកនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។

ចក្រភពអង់គ្លេស បានរកឃើញករណីឆ្លងវីរ៉ុស COVID-19 ជាង២,៣លានករណី និងជាង៧១,០០០ករណីបានស្លាប់។ ប្រទេសជាច្រើន នៅទូទាំងពិភពលោក បានបិទព្រំដែនរបស់ពួកគេ ជាមួយនឹងចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន ដោយសារតែព្រួយបារម្ភអំពីវីរ៉ុស COVID-19 ទម្រង់ថ្មីដែលងាយឆ្លងខ្លាំង៕