(មេនឆេស្ទេី)៖ ១គ្រាប់បញ្ចូលទីនៅនាទី៩០+៣ របស់ខ្សែប្រយុទ្ធ Marcus Rashford ជួយក្លិបបិសាចក្រហម Manchester United ឡេីងទៅឈនៅលេខ២ ក្នុងតារាង Premier League បណ្តោះអាសន្នវិញ ក្រោយឈ្នះ Wolves ១-០ នៅទឹកដី Old Trafford។

នេះក៏ជាគ្រាប់បាល់ដំបូងរបស់កីឡាករអង់គ្លេស Rashford ផងដែរ ក្រោយខកខានរកបានគ្រាប់បញ្ចូលទី គិតចាប់តាំងពីខែកក្កដាមកនៅកីឡដ្ឋាន Old Trafford ដែលបានបញ្ជូនដោយមិត្តរួមក្រុម Bruno Fernandes។

ក្រុមបិសាចក្រហមពេលនេះមាន ២ពិន្ទុតាមពីក្រោយ Liverpool ដែលឈរកំពូលតារាងមានពិន្ទុប្រកៀកប្រកិតគ្នាលេីកដំបូង ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍។

ក្រោយចប់ការ Rashford បានថ្លែងប្រាប់ BBC ថា យើងជាក្រុមមួយដែលនៅតែធ្វើកិច្ចការជាច្រើនលើខ្លួនយើង ហើយកំពុងតែក្រឡេកមើលតារាងដូច្នេះនៅដើមរដូវកាលមក។

លោកថា «យើងត្រូវតែលេងវាម្តងហើយប្រសិនបើយើងអាចរកវិធីដើម្បីឈ្នះ ដូចនេះយើងនឹងឃើញកន្លែងដែលយើង នៅចុងបញ្ចប់នៃរដូវកាលនេះ»