(ចិន)៖ បន្ទាប់ពីមានការរារាំងមិនចុះឈ្មោះចូលក្នុងបញ្ជីផ្សារភាគហ៊ុន នៅពេលនេះ ក្រុមហ៊ុន Ant Group Co Ltd ត្រូវបានគេរាយការណ៍ មកថា ត្រូវបាននិយ័តករចិនបង្ខំឱ្យបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុ ឬក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុមួយដែលស្ថិតក្រោមការត្រួតពិនិត្យ និងមើល ការខុសត្រូវដោយធនាគារកណ្ដាលចិន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reutes នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០បានឱ្យដឹងថា និយ័តករ និងធនាគារកណ្ដាលចិន បាន ជំរុញឱ្យក្រុមហ៊ុន Ant Group Co Ltd កាត់បន្ថយការផ្ដល់ប្រាក់កម្ចីតាមប្រព័ន្ធអនឡាញ (MYbank) ទៅឱ្យអតិថិជន និងងាកមក បង្កើត ក្រុមហ៊ុនហិរញ្ញវត្ថុផ្លូវការស្របច្បាប់ថ្មីមួយ ដើម្បីងាយស្រួលគ្រប់គ្រង់ហិរញ្ញវត្ថុ និងការផ្ដល់សេវាកម្មធនារ៉ាប់រង។
សារព័ត៌មាន Wall Street Journal បានចេញផ្សាយថា រដ្ឋាភិបាលចិនហាក់ដូចជាបានគៀបសង្កត់មហាសេដ្ឋីមាឌល្អិត Jack Ma ដល់ ហើយ ដោយថ្មីៗនេះក្រុមហ៊ុនរបស់លោក Jack Ma ជាច្រើនបានជួបនូវបញ្ហាជាមួយរដ្ឋាភិបាលចិន។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Alibaba Group និង Ant Group Co Ltd បានឆ្លើយបដិសេធមិនធ្វើការអធ្យាធិបាយ អ្វីទាំងអស់ ខណៈធនាគារប្រជាជនចិន ដែលជាធនាគារកណ្ដាល បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយមកកាន់ Reuters ថា ក្រុមហ៊ុន Ant Group បានរៀបចំផែនការបង្កើតក្រុមហ៊ុនគ្រប់គ្រង់ហិរញ្ញវត្ថុមួយ ដែលធានារាល់ប្រតិបត្តិការរបស់ខ្លួន ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមបទបញ្ញាត្តិ៕