(ម៉ាឌ្រីដ)៖ កីឡាករវ័យ ៣២ឆ្នាំ Diego Costa នឹងចាកចេញពីក្លិប Atletico Madrid ដោយគ្មានតម្លៃខ្លួននារដូវកាលក្រោយ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងរំលាយកិច្ចសន្យាដលនៅសល់ ១រដូវកាលមុនពេលកំណត់។
ខ្សែប្រយុទ្ធដេីមកំណេីតប្រេស៊ីលខាងលេីនេះបានបង្ហាញខ្លួនតែ ៣ដងប៉ុណ្ណោះគ្រប់កម្មវិធីប្រកួតរបស់ Atletico ទាំងអស់ចាប់តាំងពីពាក់កណ្តាលខែតុលាមក។
របាយការណ៍ពីក្លិប Atletico បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះបានស្នើសុំចាកចេញពីក្លិបដោយសារហេតុផលផ្ទាល់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ហើយកាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើការបញ្ចប់កិច្ចសន្យារបស់គាត់តែម្តង។
ក្លិបបានថ្លែងអំណរគុណដល់លោក Diego Costa ចំពោះការលះបង់របស់លោកក្នុងឆ្នាំទាំងនេះ ហើយសូមជូនពរឱ្យលោកមានសុខភាពល្អនៅដំណាក់កាលបន្ទាប់នៃអាជីពជាអាជីពរបស់លោកផងដែរ។
មិត្តរួមក្រុម Luis Suarez និង Joao Felix ក៏មានការសោកស្តាយនៅពេលបាត់បង់ Costa ផងដែរ។
Arsenal និងចចកខ្មៅ Wolves ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Costa ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២ដងក្នុងកំឡុងពេលលេងរយៈពេល ៣រដូវកាលជាមួយក្រុមតោខៀវ Chelsea៕