(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានបញ្ជាក់ថា ការងារសំខាន់ៗជាច្រើន នឹងត្រូវសម្រេចឲ្យបានក្នុងឆ្នាំ២០២១ រួមទាំងការកំណត់ប្រភេទកីឡា និងទីលានប្រកួត ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម(SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣។
លោករដ្ឋមន្ដ្រី បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ស្ដីពីការត្រួតពិនិត្យរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ CAMSOC កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូម្សិលមិញ នៅអគារ NOCC ។ លោកបានចាត់ទុកឆ្នាំ២០២១ គឺជាឆ្នាំដ៏សំខាន់ នៃការចាប់ផ្ដើមសកម្មភាពកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឬ Game Operation Time ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងបំពេញការងារឲ្យបានរួចរាល់តាមផែនការ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបន្ថែមថា ការកំណត់ប្រភេទកីឡា និងយុទ្ធសាស្ដ្រឆ្ពោះទៅ SEA Games 2023 ក៏ដូចជាទីលានប្រកួត គឺត្រូវកំណត់ឲ្យបានរួចរាល់នាឆ្នាំក្រោយ ដើម្បីពង្រឹងលក្ខណៈសម្បត្តិ ទាំងធនធានមនុស្ស បច្ចេកទេស និងសម្ភារៈ ទៅតាមប្រភេទកីឡានីមួយៗ ឲ្យមានឧត្តមភាព និងសក្ដានុពលត្រៀមការប្រកួតប្រជែងមេដាយជូនជាតិស្របតាមផែនការមេ ក្នុងឋានៈកម្ពុជា គឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។
លើសពីនេះ ក៏មានសកម្មភាពជាច្រើន ត្រូវចាប់ផ្ដើមព្រមៗគ្នាផងដែរ ដូចជាការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម, យុទ្ធនាការអប់រំសង្គម, ការហ្វឹកហាត់នូវទស្សនីយភាពត្រៀមពិធីបើក-បិទស៊ីហ្គេម, ការចាប់ផ្ដើមសកម្មភាពការងាររបស់គណៈកម្មការជំនាញទាំង ១៤ របស់ CAMSOC, ការកំណត់ប្រភេទកីឡាមុតស្រួចតាមវិទ្យាសាស្ដ្រកីឡា, ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងការត្រៀមទទួលទង់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពីវៀតណាមជាដើម ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ដោយសារឆ្នាំ២០២០ មានការងារខ្លះ ត្រូវប្រឈមបញ្ហា និងរាំងស្ទះដល់ការអនុវត្តការងារ ព្រោះវិបត្តិកូវីដ-១៩ ដូច្នេះរាល់ការងារទាំងអស់ ក៏ត្រូវយកមកអនុវត្ត និងសម្រេចឲ្យខានតែបានក្នុងឆ្នាំ២០២១ ដោយគោរពទៅតាមប្រតិទិនការងាររបស់គណៈកម្មការជំនាញនីមួយៗ និងក្រោមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕