(សាន់ហ្រ្វាន់ស៉ីស្កូ)៖ យន្តហោះ Boeing 737 MAX នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ត្រូវបានប្រើប្រាស់វិញជាលើកដំបូង ក្នុងជើងហោះហើរដឹកអ្នកដំណើរទូទៅនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបម្រាមសុវត្ថិភាពសម្រាប់ត្រកូលយន្តហោះនេះ ត្រូវបានដកចេញ កាលពីខែមុន ក្រោយរយៈពេលជិត២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business Times នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

យន្តហោះ Boeing 737 MAX មួយគ្រឿង ត្រូវបានក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ប្រើប្រាស់ក្នុងជើងហោះហើរដឹកអ្នកដំណើរទូទៅរបស់ខ្លួន ដែលមានមនុស្សប្រមាណជា១០០នាក់ ចេញពីទីក្រុងម៉ាយអាមី ទៅកាន់ទីក្រុងញូយ៉ក។ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីស្វះស្វែងរកទំនុកចិត្តពីសាធារណជន ចំពោះសុវត្ថិភាពត្រកូលយន្តហោះ 737 MAX របស់ខ្លួន បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍អាមេរិក FAA កាលពីខែវិច្ឆិកាកន្លងទៅ បានអនុញ្ញាតឲ្យមានការធ្វើប្រតិបត្តិការពួកវាឡើងវិញ។

សម្រាប់អាកាសចរណ៍អាមេរិកធំៗផ្សេងទៀតដូចជា United Airlines គ្រោងនឹងចាប់ផ្តើមហោះហើរ 737 MAX វិញនៅខែកុម្ភៈ ឆ្នាំ២០២១ ចំណែក Southwest ដែលជាក្រុមហ៊ុនអាកាសចរណ៍មាន 737 MAX ច្រើនជាងគេបង្អស់នោះ គ្រោងនឹងធ្វើប្រតិបត្តិការយន្តហោះនេះវិញ មិនឲ្យយូរជាងត្រីមាសទី២នៃឆ្នាំ២០២១ឡើយ។

American Airlines គឺជាអាកាសចរណ៍ទី៣នៅលើពិភពលោក ដែលបានប្រើប្រាស់យន្តហោះ Boeing 737 MAX ឡើងវិញ ដើម្បីដឹកអ្នកដំណើរ បន្ទាប់ពីអាកាសចរណ៍ GOL របស់ប្រេស៉ីល និង Aeromexico របស់ម៉ិចស៉ីកូ។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិមួយកាលពីដើមសប្តាហ៍នេះ របស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រជាជនអាមេរិកខ្ទង់៥៧ភាគរយ បាននិយាយថា ពួកគេទំនងជានឹងមិនធ្វើដំណើរលើយន្តហោះ Boeing 737 MAX ឡើយ នៅពេលត្រូវបានប្រាប់អំពីប្រវត្តិនៃត្រកូលយន្តហោះ នេះ បើទោះបីជាឥឡូវពួកវាត្រូវបានកែសម្រួលប្រព័ន្ធសុវត្ថិភាពក៏ដោយ ខណៈ៣៧ភាគរយបាននិយាយថា ពួកគេទំនងជានឹងធ្វើដំណើរ នៅលើយន្តហោះ បន្ទាប់ពីពួកវាត្រឡប់មកធ្វើប្រតិបត្តិការវិញដោយគ្មានបញ្ហាបានលើសពីកន្លះឆ្នាំ។

ត្រកូលយន្តហោះ Boeing 737 MAX ត្រូវបានបញ្ឈរជើងជុំវិញពិភពលោក កាលពីខែមីនា ឆ្នាំ២០១៩ អស់រយៈពេលប្រមាណជា២០ខែ ក្រោយករណីធ្លាក់យន្តហោះនេះ២គ្រឿង ដោយមួយករណីនៅឥណ្ឌូណេស៉ីនិងមួយករណីទៀតនៅអេត្យូពី ក្នុងចន្លោះពេលត្រឹម៥ខែប៉ុណ្ណោះ ហើយបានផ្តាច់ជីវិតមនុស្សសរុប៣៤៦នាក់៕