(ភ្នំពេញ)៖ ពិតជាក្ដុកក្ដួលព្រះហឫទ័យ សម្រាប់ព្រះនាងតូច ជេនណា នរោត្តម ពេលបានទទួលដំណឹងថា តារាចម្រៀងរ៉េបវ័យក្មេងម្ចាស់បទ «ក្រមុំភ្នំពេញ» លោក ណូយ៉ា ប៊ីត បានស្លាប់ទាំងវ័យក្មេង កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈដែលកន្លងមកព្រះនាងតូច នរោត្តម ជេនណា មានអនុស្សាវរីយ៍រួមការងារជាមួយគ្នាជាច្រើន ក្នុងវិស័យសិល្បៈចម្រៀង។

ព្រះនាងតូច ជេនណា នរោត្តម បានសម្ដែងព្រះទ័យក្ដុលក្ដួល រួមជាមួយក្រុមគ្រួសារតារាប្រុសរូបនេះ នៅលើផេកផ្លូវការ «Jenna Norodom» របស់ព្រះនាងថា «បង ណូយ៉ា ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ថ្ងៃនេះបងប្រុសបានចាកចេញទៅ ដោយគ្មានពាក្យថាលា សូម្បីតែមួយម៉ាត់។ ស្តាយណាស់បង យើងនៅមានការងារជាមួយគ្នាជាច្រើនទៀត។ ខ្ញុំសែនក្តុកក្តួលពន់ពេកណាសនូវដំណឹងដ៏អកុសល នៃការទទួលមរណភាពរបស់បងប្រុស»។

ព្រះនាងតូច ជេនណា បានមានព្រះបន្ទូលទាំងអាឡោះអាល័យទៀតថា «ខ្ញុំមានតែបួងសួងឲ្យវិញ្ញាណក្ខន្ធបង ទៅកាន់ឋានសួគ៌ទីសុខសាន្ត ជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀត។ ខ្ញុំក៏អរគុណនូវអ្វី ដែលបងបានជួយកិច្ចការសិល្បៈចម្រៀង ឈ្មោះបងនៅតែមានជានិច្ច ក្នុងបេះដូងយើងរាល់គ្នា»។

សូមបញ្ជាក់ថា មិនត្រឹមតែព្រះនាងតូច ជេនណា ម្នាក់ប៉ុណ្ណោះទេ ដែលបានបង្ហាញអារម្មណ៍ក្តុកក្តួល និងចូលរួមសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ធនធានសិល្បៈខ្មែរវ័យក្មេងម្នាក់នេះ ក្នុងនោះមហាជនទូទៅ និងអ្នកគាំទ្រ ព្រមទាំងមិត្តភក្តិរួមអាជីពសិល្បៈជាច្រើនទៀត ក៏សម្តែងការសោកស្តាយហើយរន្ធត់ចិត្ត និងបានចូលរួមរំលែកទុក្ខគ្រប់ៗគ្នា ចំពោះមរណភាពនេះផងដែរ៕