(ភ្នំពេញ)៖ នៅសល់តែ១ថ្ងៃទៀតទេ ឆ្នាំ២០២០នេះ នឹងត្រូវឆ្លងចូលឆ្នាំ ២០២១ ហើយបើនិយាយពីការចូលទស្សនា (Views) បទចម្រៀងរបស់ តន់ ចន្ទសីម៉ា ពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងរូបនេះប្រើពេល មិនដល់មួយឆ្នាំផង បែរជាមានសន្ទុះវ៉ាដាច់គេទាំងអស់ ពោលគឺមានអ្នកចូលទស្សនា សរុបរហូតដល់ទៅ៥២៥លានដងឯណោះ។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិច លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

តំណាងផលិតកម្ម Galaxy Navatra បានថ្ឡែងប្រាប់ Fresh News Plus ថា អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជា នៅឆ្នាំ២០២០នេះ មានរហូតដល់ទៅជាង ៥២៥លានដង (525.M) ដោយក្នុងចំណោមល្បីៗ របស់នាងគេឃើញបទ «ឡានសារ៉ែន» បានឈរនៅលេខរៀងទី១ ដោយមានអ្នកចូលទស្សនារហូតដល់ទៅ ៣១.៩០លានដង ត្រឹមតែ១០ខែ, លេខរៀងទី២ បទ «ចូលដណ្ដឹងអូនទៅ» មានអ្នកទស្សនា រហូតដល់ទៅ ២៨.៨០លានដង ត្រឹមតែ៩ខែ, លេខរៀងទី៣បទ «ចង់សុំ Wifi» មាន អ្នកទស្សនារហូតដល់ទៅ ២៥ លាននាក់ ត្រឹម តែ៥ ខែប៉ុណ្ណោះ។

តាមការវាយតម្លៃរបស់លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra នៅឆ្នាំ ២០២១នេះ តារាចម្រៀង តន់ ចន្ទសីម៉ា នឹងឈរលំដាប់កំពូលបន្តទៀត ហើយការចូលទស្សនាបទចម្រៀងរបស់នាង នឹងកើនឡើងដល់ទៅ ១០០០លានដង ដែលចំនួននេះ គឺពិបាកនឹងមានតារាចម្រៀងរូបណា អាចដណ្ដើមតំណែងនាងបាននោះឡើយ។ នេះបើផ្អែកតាមសន្ទុះនៃការគាំទ្រ បទពិសោធន៍ និងភាពរីកចម្រើនរបស់នាង។

យ៉ាងណាក្ដី អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់ កំពុងតែរង់ចាំមើលថា តើអាចមានតារាចម្រៀងរូបណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បាន ក្នុងទសវត្សរ៍ថ្មីនេះ តាមរយៈការទាក់ទាញអ្នកគាំទ្រ ឲ្យចូលមើលរបស់ខ្លួនក្នុងបណ្ដាណយូធូប ដ៏ច្រើនលើសលប់ដូចជារូបនាងនៅពេលនេះ?