(ចិន)៖ ព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ Asian Beach Games លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន ត្រូវបានពន្យារពេលជាលើកទី២ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ។

ព្រឹត្តិការណ៍កីឡានេះ ដំបូងឡើង គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ប៉ុន្តែត្រូវបានពន្យារពេលទៅធ្វើឡើង ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១វិញ បន្ទាប់ពីប្រទេសចិន បាននិយាយថា ព្រឹត្តិការណ៍កីឡាអន្តរជាតិតែមួយគត់ ដែលត្រូវបានអនុញ្ញាតធ្វើនៅក្នុងប្រទេសនៅឆ្នាំនេះ គឺជាការសាកល្បង សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងា ឆ្នាំ២០២២ (Winter Olympics) នៅទីក្រុងប៉េកាំង។

ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានលើកឡើងថា "ការសម្រេចចិត្តនេះ បានធ្វើឡើងក្នុងគោលបំណង បម្រើផលប្រយោជន៍រួម ដល់អ្នកពាក់ព័ន្ធទាំងអស់ របស់គណៈកម្មាធិការជាតិអូឡាំពិក និងធានាសុវត្ថិភាព និងសុខភាពរបស់អត្តពលិក និងអ្នកចូលរួមទាំងអស់"។

OCA បានប្រាប់ឲ្យដឹងដែរថា ខ្លួនបាននឹងកំពុងពិភាក្សា ជាមួយនឹងអ្នករៀបចំកម្មវិធី និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំកាលកំណត់ឡើងវិញ នៃព្រឹត្តិការំណ៍នេះ៕