(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយបែបទេសចរណ៍ធម្មជាតិនៅតំបន់អង្គរ «Angkor Ultra Trail» ដែលគ្រោងរៀបចំជាលើកទី៦ នៅឆ្នាំ២០២១ ខាងមុខ ត្រូវលុបចោលហើយ ដោយសារវិបត្តិជំងឺសកលកូវីដ-១៩ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍នេះកន្លងមកភាគច្រើនមកពីអឺរ៉ុប។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា «ដោយសារព្រឹត្តិការណ៍ Angkor Ultra Trial មានប្រភពអ្នកចូលរួមភាគច្រើន គឺមកពីក្រៅប្រទេស ជាពិសេសមកពីតំបន់អឺរ៉ុប ចឹងស្របពេលពិភពលោកមានការរាតត្បាតជំងឺកូវីដ-១៩ ហេតុនេះការរៀបចំ Angkor Ultra Trial ឆ្នាំ២០២១ គឺមិនអាចរៀបចំបានទេ ដោយសារបញ្ហាជំងឺរាតត្បាតជាសកលនេះ»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយបែបផ្សងព្រេងនេះ បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៦ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ហើយគិតត្រឹមឆ្នាំ២០២០ គឺបានរៀបចំចំនួន ៥លើករួចមកហើយ។ កាលពីឆ្នាំ២០១៦ គេចាំបានថា មានអ្នកចូលរួមរត់ត្រឹមជាង ២០០នាក់ប៉ុណ្ណោះ តែឆ្នាំបន្ដបន្ទាប់មក ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានកំណើនអ្នកចូលរួមគួរឲ្យកត់សម្គាល់ ជាក់ឆ្នាំក្នុងការរៀបចំលើកទី៥ កាលពីដើមឆ្នាំ២០២០ គឺមានអ្នករត់សរុបជាង ១,៣០០នាក់ឯណោះ។

ចំពោះវិញ្ញាសា ដែលត្រូវបានគណៈកម្មការកំណត់រៀបចំក្នុងព្រឹត្តិការណ៍ Angkor Ultra Trial នេះ រួមមានវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ដែលត្រូវរត់កាត់ស្បៃរាត្រី ព្រៃប្រឹក្សា ប្រាង្គប្រាសាទ និងភូមិ-ឃុំអ្នកស្រុកជុំវិញតំបន់អង្គរ នាខេត្តសៀមរាប៕