(ពិភពលោក)៖ ជំនាញដើរផ្លូវសមុទ្រ គឺជាអាជីពដ៏អស្ចារ្យមួយដែលទទួលបានការគោរពពីមនុស្សទូទៅនៅអឺរ៉ុបនាសម័យបុរាណ ប៉ុន្តែដោយសារចេះតែមានបញ្ហាជារឿយៗ ទើបក្រុមអ្នកដើរសមុទ្របង្កើតជាបទបញ្ជា ឬជាច្បាប់សមុទ្រ ដើម្បីរក្សាបានសន្តិសុខសុវត្ថិភាព ពិសេសគឺសម្រាប់ទំនាក់ទំនងជាមួយក្រុមអ្នកដើរសមុទ្រដទៃ។

* តើអ្នកដឹងទេថា ច្បាប់សមុទ្រអន្តរជាតិលើកដំបូងកើតមាននៅឯណា ហើយតាំងពីពេលណា?

កាលពីជាង ៥០០០ ឆ្នាំមុន ពួកជនជាតិស្វ៉ីនិក (Phoenicians) ជនជាតិប៉ូលីនេស៉ី (Polynesians) ចាប់ផ្ដើមចេះធ្វើដំណើរតាមផ្លូវសមុទ្រ ដោយពួកគេចេះបង្កើតសំពៅធំៗ ហើយក៏ចាប់ផ្ដើមចេះធ្វើជំនួញពាណិជ្ជកម្មតាមផ្លូវសមុទ្រនៅក្នុងលម្ហសមុទ្រមេឌីទែរ៉ាណេ។ ទន្ទឹមនឹងការរីកចម្រើននៃអារ្យធម៌របស់ពួកជនជាតិក្រិក និងជនជាតិរ៉ូម៉ាំងបុរាណ ពួកគេក៏បានវាតទីដណ្ដើមកាន់កាប់ផ្លូវសមុទ្រពីពួកជនជាតិស្វ៉ីនិក និងប៉ូលីនេស៉ី។

លុះដល់ប្រមាណ ៥០០០ ឆ្នាំមុន ជនជាតិក្រិក និងជនជាតិរ៉ូម៉ាំង ក៏បានធ្វើកិច្ចព្រមព្រៀងទ្វេភាគីជាមួយគ្នាមួយដែលគេហៅថា «ច្បាប់សមុទ្ររ៉ូឌីយ៉ា ឬ Rhodian Sea Law» ដែលជាច្បាប់គ្រប់គ្រងពាណិជ្ជកម្ម នេសាទ និងអភ័យឯកសិទ្ធិនាវាចម្បាំងនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ។ ច្បាប់សមុទ្ររ៉ូឌីយ៉ានេះ គឺជាច្បាប់សមុទ្រដែលចាស់ជាងគេបំផុតលើពិភពលោក ហើយត្រូវបានប្រើប្រាស់អស់រយៈពេល ១០០០ ឆ្នាំមកហើយ។

ក្រៅពីច្បាប់សមុទ្ររ៉ូឌីយ៉ារបស់ក្រិក និងរ៉ូម៉ាំង ក៏នៅមានច្បាប់សមុទ្រអន្តរជាតិចំណាស់ៗមួយចំនួនទៀត ដូចជា សន្ធិសញ្ញារវាងអាណាចក្រហ្ស៊េរុយសាឡឹម និងអាណាចក្រស៉ីប (Assizes of Jerusalem-Crusaders) ច្បាប់អូឡេរ៉ុងរបស់បារាំង (Rolls of Oleron) និងក្រមហេនស៉ីអេតធិក (Heanseatic code) ដែលច្បាប់របស់ក្រុមពាណិជ្ជករនៅចក្រភពអាល្លឺម៉ង់ ឆ្នាំ១៥៩៧ តុលាការកុងស៊ុលឡាឌឺម៉ារ (Consulate de Mare) ជាដើម ដែលត្រូវបានបង្កើតឡើងក្រោយការដួលរលំចក្រភពរ៉ូមខាងលិចនៅគ្រិស្ដសករាជ ៤៧៦ ចំណែករ៉ូមខាងកើតក៏ប្រែឈ្មោះជា ចក្រភពប៊ីហ្សាន់ទីន (Byzantine Empire)៕