(អាមេរិក)៖ លោកស្រី Dawn Wells ជាតារាសម្តែងជើងចាស់មួយរូបរបស់អាមេរិកនោះ ត្រូវបានគេរាយការណ៍មកថា បានទទួលមរណភាពនៅទីក្រុង Los Angeles នៅថ្ងៃពុធសប្តាហ៍នេះ ខណៈការស្លាប់របស់តារាជើងចាស់រូបនេះ គឺ ដោយសារជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

បើតាមលោក Harlan Boll បានបញ្ចេញសារជាសាធារណៈទាក់ទងនឹងការស្លាប់របស់ លោកស្រី Dawn Wells ថា លោកស្រី Dawn Wells ដែលជាអ្នកឈ្នះមកុដក្នុងកម្មវិធីបវរកញ្ញា Nevada ឆ្នាំ១៩៥៩ និងបានចួលរួមប្រឡងក្នុងកម្មវិធី «Miss America» នោះ បានទទួលមរណភាពហើយ ដោយសារជំងឺកូវីដ១៩។

គួរជម្រាបថា ក្រោយបញ្ចប់តួនាទីជាបរវកញ្ញា លោកស្រី Dawn Wells ចាប់ផ្តើមលេចមុខក្នុងភាពយន្តហូលីវូដ ជាបន្តបន្ទាប់ដោយចាប់ផ្តើមដំបូង គឺសម្តែងភាពយន្តដែលចាក់ផ្សាយនៅលើទូរទស្សន៍ ABC និងបានសម្តែងក្នុងកម្មវិធីទូរទស្សន៍ជាង ១៥០កម្មវិធី និងរឿងល្បីៗជាច្រើនទៀត។ ងាកមកជីវិតគ្រួសារវិញ លោកស្រី ត្រូវបានគេដឹងថាបានរៀបការជាមួយលោក Larry Rosen នៅក្នុងឆ្នាំ១៩៦២ ប៉ុន្តែមិនមានបុត្រនោះទេ ហើយក៏បានលែងលះគ្នាក្នុងឆ្នាំ ១៩៦៧៕