(ហ្សាកាតា)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង LG Group បានចុះហត្ថលេខាងលើ អនុស្សរណៈនយោគយល់គ្នា (MOU) លើកិច្ចព្រមព្រៀងវិនិយោគអាគុយរថយន្តអគ្គិសនី ដែលមានទំហំទឹកប្រាក់ ៩,៨ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង តាំង ពីថ្ងៃទី១៨ ខែធ្នូ ដោយក្នុងនោះរួមបញ្ជូនទាំងការវិនិយោគលើខ្សែសង្វាក់ផលិតកម្មផ្គត់ផ្គង់រថយន្តអគ្គិសនីទៀតផង ប៉ុន្តែ សម្រាប់ ព័ត៌ មាន លម្អិតផ្សេងៗមិនត្រូវបានប្រកាសបង្ហាញឱ្យដឹងនោះទេ។

តាមរយៈកិច្ចព្រមព្រៀងនេះផងដែរ នឹងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកក្នុងការធ្វើសមាហរណកម្ម ឧស្សាហកម្មអាគុយអគ្គិសនីពីការជីកយករ៉ែរបស់ដល់ការផលិតចេញជាអាគុយសម្រាប់បំពាក់លើរថយន្តអគ្គិសនី។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសឱ្យដឹងថា ក្រុមការងាររបស់ក្រុមហ៊ុន Tesla នឹងមកទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅក្នុងអំឡុងខែមករា ឆ្នាំ២០២១ ដើម្បីសិក្សាពីលទ្ធភាព និងឱកាសនៃការវិនិយោគ៕