(អាមេរិក)៖ ក្រុមហ៊ុន Amazon.com Inc បានថ្លែងឱ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ខ្លួនគ្រោងនឹងទិញយកក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រី តាមប្រព័ន្ធឌីជីថល Wondery ដើម្បីពង្រីក អាជីវកម្មតន្ត្រីរបស់ខ្លួន Amazon Music ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌ មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

កាលពីដើមខែធ្នូនេះ កាសែត Wall Street Journal បានចេញផ្សាយថា ក្រុមហ៊ុនទាំងពីរខាងលើបានពិភាក្សាពីកិច្ចព្រមព្រៀងទិញលក់ ដោយក្នុងនោះត្រូវបានគេដឹងថា ក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិក Amazon គ្រោងចំណាយជាង ៣០០លានដុល្លារអាមេរិក ដើម្បី ទិញយក Wondery។

ក្រុមហ៊ុន Amazon បច្ចុប្បន្នត្រូវបានគេដឹងថា បានទទួលជោគជ័យមួយផ្នែកតូចទៅលើសេវាកម្មតន្ត្រីរបស់ខ្លួន និងបានវិនិយោគ ទៅ លើ ក្រុមហ៊ុន Spotify និង Netflix ក្នុងទឹកប្រាក់ច្រើនសន្ធឹកផងដែរ។

ពាក់ព័ន្ធនឹងការទិញក្រុមហ៊ុន Wondery នេះផងដែរ កាលពីខែវិច្ឆិកាកន្លងទៅនេះ សារព័ត៌មាន Bloomberg News បានចេញផ្សាយថា ក្រុមហ៊ុន Apple និង Sony Music Entertainment បានចរចាទិញយកក្រុមហ៊ុន Wondery ដែរ ប៉ុន្តែពុំមានព័ត៌មានលម្អិតឡើយ ទើបតែពេលនេះ ក្រុមហ៊ុន Amazon ប្រកាសចង់ទិញតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Wondery បានបង្កើតឡើងនៅឆ្នាំ២០១៦ ដើម្បីផ្ដល់សេវាកម្មកម្សាន្តបែបតន្ត្រីតាមប្រព័ន្ធឌីជីថល (អនឡាញ) ដោយលោក Hernan Lopez ជាអតីតនាយកប្រតិបត្តិ Fox International Channels (20th Century Fox ) និង បច្ចុប្បន្នមានអ្នកស្ដាប់ជាប្រចាំខែចំនួន ២០លាននាក់៕