(ប៉េកាំង)៖ មហាសេដ្ឋីចិនម្នាក់ដែលមិនសូវល្បីឈ្មោះប៉ុន្មាននោះឡើយ ទើបតែបានជាប់ឈ្មោះជាបុគ្គលថ្មី ដែលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំនៅតំបន់អាស៉ី ដោយសារតែក្រុមហ៊ុនផលិតវ៉ាក់សាំង និងក្រុមហ៊ុនផលិតទឹកសុទ្ធរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
ក្នុងឆ្នាំ២០២០នេះ មហាសេដ្ឋីចិនខាងលើគឺលោក ចុង សានសាន (Zhong Shanshan) បានមើលឃើញតម្លៃទ្រព្យសម្បត្តិរបស់ខ្លួនកើនជិត ៧១ពាន់លានដុល្លា ឡើងដល់៧៧.៨ពាន់លានដុល្លារ ដែលធ្វើឲ្យលោកឡើងវ៉ាកំពូលមហាសេដ្ឋីឥណ្ឌា លោក មូកេស្ស អាមបានី (Mukesh Ambani) ក្លាយជាបុគ្គលមានជាងគេបង្អស់នៅអាស៉ី និងមានជាងគេទី១១នៅលើពិភពលោក។ នេះបើតាមតារាងសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg (Bloomberg Billionaires Index)។
គួរបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតម្លៃទ្រព្យសម្បត្តិលោក ចុង កើនឡើងខ្ពស់យ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែការលោតឡើងយ៉ាងគំហុកនៃតម្លៃភាគហ៊ុនក្រុមហ៊ុនផលិតវ៉ាក់សាំង Beijing Wantai Biological និងក្រុមហ៊ុនផលិតទឹកសុទ្ធ Nongfu Spring របស់លោក។ លោក Mukesh Ambani ដែលត្រូវបាត់បង់តំណែងជាបុគ្គលមានជាងគេនៅអាស៉ី នាពេលនេះមានទ្រព្យសម្បត្តិ៧៦.៩ពាន់លានដុល្លារ បើតាម Bloomberg Billionaires Index៕