(កូរ៉េ)៖ តារាសម្តែងល្បីរបស់កូរ៉េ លោក Lee Min Ho និងផលិតកម្ម MYM បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ៥០លានវ៉ុន ឬប្រមាណ ៤៦,០០០ដុល្លារ តាមរយៈអង្គការចំនួន៣រួមមាន Holt Children’s Services Inc, Good Neighbors International, Save the Children ដែលអង្គការទាំង៣នេះ ធ្វើការទៅលើការការពារកុមារ ពីករណីរលោភបំពាននានា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
Lee Min Ho ត្រូវបានគេដឹងថា តាំងពីដើមមក លោកមានចំណង់ចំណូលចិត្តទៅលើការការពារសុខុមាលភាពកុមារ និងធ្វើការបរិច្ចាគជាប្រចាំ ព្រមទាំងចូលរួមក្នុងយុទ្ធនាការនានា ដើម្បីផ្សព្វផ្សាយការងារសប្បុរសធម៌ផងដែរ។ មូលហេតុដែលលើកទឹកចិត្តឲ្យលោកធ្វើការបរិច្ចាគនៅពេលនេះ គឺបន្ទាប់ពីសង្កេតឃើញថា កុមារភាគច្រើនបានរងការបំពានពីសមាជិកគ្រួសាររបស់ពួកគេ កំឡុងដែលមានជំងឺរាត្បាតកូវីដ១៩។ ការបរិច្ចាគរបស់តារាល្បីរូបនេះ គឺដោយក្តីសង្ឃឹមថា នឹងជួយគាំទ្រដល់កម្មវិធីនានា ក្នុងគោលបំណងធ្វើឲ្យមានភាពប្រសើរឡើង នូវទំនាក់ទំនងក្នុងគ្រួសារ និងផ្តល់ការប្រឹក្សារផ្នែកចិត្តសាស្ត្រ ដល់កុមារដែលជាជនរងគ្រោះនៃអំពើរំលោភបំពាន។
នេះមិនមែនជាលើកទី១នោះទេ នៅកំឡុងពេលនៃការមានជំងឺរាត្បាតកូវីដ១៩ ដែលតារាល្បី Lee Min Ho ធ្វើការបរិច្ចាគនេះ ពោលគឺនៅដើមឆ្នាំ២០២០ លោកបានធ្វើការបរិច្ចាគប្រាក់ចំនួន ៣០០លានវ៉ុន ឬប្រមាណ ២៧៦,០០០ដុល្លារ ដើម្បីប្រឆាំងការរាតត្បាតកូវីដ១៩ និងដើម្បីផ្តល់ជំនួយនានាដល់បុគ្គលិកសុខាភិបាល និងកុមារ។
ទង្វើសប្បុរសធម៌របស់តារាប្រុសរូបនេះ បាននឹងកំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់គេគ្រប់ទិសទីសម្តែងការរីករាយ និងកោតសសើរនូវទឹកចិត្តនៃការចែករំលែករបស់លោក។ យ៉ាងណាមិញ គេសង្កេតឃើញថា មិនមែនតែ Lee Min Ho នោះទេដែលមានទឹកចិត្តនៃការបរិច្ចាគ និងធ្វើការងារសប្បុរសធម៌នេះ ពោលគឺមានតារាល្បីៗរបស់កូរ៉េ និងតារាល្បីទូទាំងពិភពលោកផ្សេងៗទៀត សុទ្ធតែរួមគ្នាបរិច្ចាគដល់ជនខ្វះខាត នៅចំពោះមុខវិបត្តិកូវីដ១៩នេះ៕