(ភ្នំពេញ)៖ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើឲ្យអ្នកប្រើប្រាស់សេវាកម្មធនាគារកាន់តែមានភាពងាយ ស្រួល សុវត្ថិភាព និងសេវាលឿនរហ័សទាន់ចិត្ត។ ក្នុងពេលថ្មីៗនេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងប្រព័ន្ធទូទាត់បាគង បានឈានជើងមួយជំហានទៀត ក្នុងការផ្តល់លទ្ធភាពឲ្យអតិថិជនទាំងអស់ អាចដាក់ប្រាក់ចូលគណនីធនាគាររបស់ខ្លួន តាមរយៈភ្នាក់ងារ អេ អឹម ខេ ជិត ៦០០០ កន្លែងទូទំាងប្រទេស ជាមួយនឹងសេវារហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។
អេ អឹម ខេ គឺជាគ្រឹះស្ថានដំបូងដែលអនុញ្ញាតិឲ្យអតិថិជនធនាគារសមាជិកបាគង ដែលមានប្រមាណ១៨ ស្ថាប័នហិរញ្ញវត្ថុ អាចដាក់ប្រាក់ចូលក្នុងគណនីធនាគាររបស់ខ្លួនតាមរយៈភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេស។ សេវានេះមិនត្រឹមតែផ្តល់ភាពងាយស្រួល លឿនរហ័សប៉ុណ្ណោះទេ ថែមទំាងអាចផ្តល់ការសន្សំសំចៃទាំងថវិកា ពេលវេលា និងកាត់បន្ថយហានិភ័យផងដែរ។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ មានប្រសាសន៍ថា៖ «លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅធនាគារ ឬតម្រង់ជូរនៅកន្លែងម៉ាស៊ីនដក និងដាក់ប្រាក់ទៀតទេ តាមរយៈភ្នាក់ងារ អេ អឹម ខេ លោកអ្នកអាចដាក់លុយចូលគណនីធនាគារផ្សេង ឬ វ៉ាឡេតបាគង របស់ខ្លួនដោយសុវត្ថិភាព រហ័សទាន់ចិត្ត គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលមានភ្នាក់ងារ អេ អឹម ខេ នៅជិតលោកអ្នកបំផុត»។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កំពុងតែវិនិយោគលើបច្ចេកវិទ្យាជាបន្តបន្ទាប់ដើម្បី នំាមកនូវភាពងាយស្រួល និងទាន់សម័យដល់អតិថិជនរបស់ខ្លួនតាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App) ការទូទាត់តាមរយៈការស្កេន QR Code នៅតាមបណ្ដាហាងអាជីវកម្មនានា ដែលជាដៃគូរបស់ អេ អឹម ខេ ដោយមិនចាំបាច់ធ្វើការទូទាត់ជាសាច់ប្រាក់ ហើយជាពិសេសគឺការវេរលុយបានយ៉ាងងាយស្រួលទៅកាន់ធនាគារក្នុងស្រុកដែលជាសមាជិករបស់ប្រព័ន្ធទូទាត់បាគង។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩៥ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣៦៨ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជិត ២០០លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត ៦,០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ AMK Mobile Banking App៕