(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានអនុវត្តគម្រោងបង្គោលអង់តែនដើម្បីសហគមន៍ សម្រាប់ទាញយកទឹកស្អាតនៅខេត្តកំពង់ស្ពឺ ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឆ្ពោះទៅរកបរិស្ថាន បៃតងកាន់តែទូលំទូលាយក្រោម កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

ប្រព័ន្ធបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យប្រកបដោយភាពច្នៃប្រឌិតនេះ នឹងបូមទឹកចេញពីក្រោមដី ហើយផ្ទេរទៅអាងស្តុកទឹកដ៏ធំមួយរបស់សហគមន៍ ភូមិរោង ម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានប្រជាពលរដ្ឋជាង ៣០០គ្រួសារកំពុងរស់នៅទីនោះ ហើយពួកគាត់មានឱកាសក្នុងការប្រើប្រាស់ទឹកស្អាត ពីគម្រោងនេះ។

លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (North ASEAN) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានឱ្យដឹងថា អ៊ីដតខូ ប្តេជ្ញាលើកកម្ពស់គុណភាពជីវិត និងការ ទទួលខុសត្រូវផ្នែកបរិស្ថាន ដោយបានផ្តល់ប្រព័ន្ធបូមទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ ទៅដល់សហគមន៍ដែលមានលទ្ធភាពតិចតួច ក្នុងការទទួលបានទឹក និងអគ្គិសនីសំរាប់ប្រើប្រាស់ ហើយថាមពលពន្លឺព្រះអាទិត្យ គឺជាផ្នែកមួយដ៏សំខាន់ដែលអាចដោះស្រាយបញ្ហាកង្វះទឹក ស្រោចស្រពដំណាំ ចិញ្ចឹមសត្វ និងការប្រើប្រាស់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។

ប្រព័ន្ធទឹកនេះប្រើបន្ទះសូឡាចំនួន៤ ដើម្បីផ្តល់ថាមពលដែលអាចឱ្យម៉ូទ័របូមទឹកបាន ៦ម៉ោងក្នុងមួយថ្ងៃ និងបូមទឹកបាន ៣ម៉ែត្រគូបក្នុងមួយម៉ោង ហើយប្រមាណជា១៥-១៨ ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយអាងស្តុកទឹកមានចំណុះដែលអាចស្តុកទឹកបានចំនួន ៥,០០០លីត្រ។ អត្ថប្រយោជន៍ចម្បងនៃប្រព័ន្ធបូមទឹកប្រើពន្លឺព្រះអាទិត្យនេះ គឺវាប្រើប្រាស់ពន្លឺព្រះអាទិត្យទាំងស្រុង វាកាត់បន្ថយការពឹងផ្អែកទៅលើអគ្គិសនី ឬប្រេងម៉ាស៊ូត ហើយសហគមន៍មិនចាំបាច់ចំណាយទៅលើថ្លៃអគ្គិសនី ឬ ប្រេងឥន្ធនៈអ្វីទាំងអស់។

គម្រោងបង្គោលអង់តែននេះ ដើម្បីទាញយកទឹកស្អាតសម្រាប់សហគមន៍ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់ដែលប្រកបដោយនិរន្តភាពរបស់ក្រុមហ៊ុន អ៊ីដតខូ។ ក្រុមហ៊ុនមានគោលការណ៏សំខាន់ពីរ គឺការពង្រឹងសហគមន៍ និងទំនួលខុសត្រូវបរិស្ថាន ដែលត្រូវបានអនុវត្តយ៉ាងជោគជ័យនៅក្នុងកម្មវិធីបរិស្ថានដទៃទៀតនៅប្រទេស បង់ក្លាដេស និងម៉ាឡេស៊ី ជាមួយគ្នា និងប្រទេសកម្ពុជាផងដែរ។

គោលការណ៍នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ (SDGs)។ ក្រុមហ៊ុន អ៊ីដតខូ ជឿជាក់ថា អនាគតដែល មាននិរន្តរភាព ត្រូវការបរិស្ថានល្អ សហគមន៍រឹងមាំ។

ប្រព័ន្ធទឹកស្អាតនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យ របស់ក្រុមហ៊ុនក្នុងការបង្កើន គុណភាពបរិស្ថានក៏ដូចជាការរស់នៅរបស់ប្រជាជន ក្នុងសហគមន៍ នៅក្នុងខេត្តកំពង់ស្ពឺ។ លើសពីនេះទៀតគំនិតផ្តួចផ្តើមទឹកស្អាតនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍ ដែលរស់នៅក្បែរតំបន់បង្គោលអង់តែន។

ក្រុមហ៊ុន អ៊ីដតខូ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ស្ថាបនា និងបង្កើតទំនាក់ទំនង តភ្ជាប់ប្រកបដោយនិរន្តរភាពសម្រាប់ពេលអនាគត តាមរយៈការផ្តល់សេវាកម្ម និងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍លំដាប់ថ្នាក់ពិភពលោក ដោយយកចិត្តទុកដាក់ចំពោះសហគម៍ និងបរិស្ថាន៕