(អង់គ្លេស)៖ កីឡាករ Jonny Evans ដែលជាខ្សែការពាររបស់ក្លិបបាល់ទាត់ Leicester City បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹង ឲ្យលោក លេងនៅក្លិបនេះបន្តទៀត រហូតចុងបញ្ចប់រដូវកាល ឆ្នាំ២០២២-២០២៣, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ។
កិច្ចព្រមព្រៀងរបស់កីឡាករ Evans នឹងផុតកំណត់ នៅចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្ននេះ ហើយមានប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានចុះផ្សាយថា កីឡាកររូបនេះ អាចវិលត្រឡប់ទៅក្លិប Manchester United វិញ ខណៈនៅទីនោះ លោកបានឈ្នះពានរង្វាន់ចំនួន៣ នៅក្របខណ្ឌ Premier League។
កីឡាករជនជាតិអៀឡង់ខាងជើង លំដាប់អន្តរជាតិ វ័យ៣២ឆ្នាំរូបនេះ បានបង្ហាញខ្លួន៨៩ដង នៅគ្រប់ការប្រកួត បន្ទាប់ពីលោកបានចូលលេង ក្នុងក្លិប Leicester City ក្រោយពីចាកចេញពីក្លិប West Bromwich Albion ក្នុងឆ្នាំ២០១៨។
Evans បានក្លាយជាកីឡាករសំខាន់ របស់ក្លិប Leicester ក្នុងរដូវកាលនេះ, បានបង្ហាញខ្លួន១៥ដង នៅគ្រប់ការប្រកួត, បានជួយឲ្យក្រុម ឈរនៅលំដាប់លេខ៣ នៅក្នុងតារាងរបស់ Premier League ហើយប្រកួតជម្រុះបន្តទៅកាន់វគ្គ៣២ក្រុមចុងក្រោយ នៃក្របខណ្ឌ Europa League៕