(ក្រុងឡុងដ៍)៖ លោក David Moyes បានដឹកនាំក្លិបញញួរធំ West Ham United យកឈ្នះម្ចាស់ផ្ទះ Everton ១-០ នៅកីឡដ្ឋាន Goodison Park គិតចាប់តាំងពីលាឈប់ដឹកនាំក្លិបស្ករគ្រាប់ ដើម្បីទៅដឹកនាំ Manchester United កាលពីឆ្នាំ២០១៣ មក។
វាមានរយៈពេលជាង ៨ឆ្នាំមកហើយដែលលោក David Moyes ទើបរកបាន ៣ពិន្ទុក្នុងអតីតក្លិបចាស់ដែលធ្លាប់ដឹកនាំជិត ៤រដូវកាល ដើម្បីជួយ West Ham រកបាន ២៦ពិន្ទុគិតត្រឹមសប្តាហ៍ទី១៦ ដែលនៅសល់ ៣ប្រកួតបញ្ចប់ជើងទី១។
តែយ៉ាងណាសម្រាប់លោក Carlo Ancelotti អ្នកចាត់ការទូទៅ Everton មិនទាន់រកបានជ័យជម្នះណាមួយឡើយនៅពេលដឹកនាំក្រុមប្រកួតទល់នឹងក្រុមដែលមានលោក David Moyes ដឺកនាំ ដោយធ្លាប់ជួបគ្នា ៦ដង ចាញ់៣ដង និងស្មើ ៣ដងដូចគ្នា។
កីឡាករខ្សែបម្រើការពារ Tomas Soucek ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យក្រុមញញួរធំ West Ham United នៅនាទី៨៦ នៅពេលដែលក្រុមភ្ញៀវមួយនេះស៊ុតចេញសរុប ៩ជើង ចំគោលដៅ ៥ជើង និងខុស ៤ជើងពីការគ្រប់គ្រងបាល់តែ ៤០ភាគរយ៕