(ភ្នំពេញ)៖ ខ្សែការពារវ័យក្មេង សឿត បារាំង បានចាត់ទុកក្លិបភ្នំពេញក្រោន គឺជាផ្ទះទី២ របស់ខ្លួនដែលផ្ដល់ឲ្យរូបគេមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ន។ ហេតុនេះ បារាំង រំពឹងថា នឹងបានត្រឡប់ទៅលេងនៅផ្ទះទី២ វិញ បន្ទាប់ពីចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ក្រោមលក្ខខណ្ឌខ្ចីជើង ១រដូវកាល សម្រាប់ឆ្នាំ២០២១ នេះ។
សឿត បារាំង បានបង្ហាញអារម្មណ៍រីករាយ ចំពោះការចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ដែលជាក្រុមមានមូលដ្ឋាននៅស្រុកកំណើតរបស់ខ្លួន បន្ទាប់ពីរូបគេបានចាកចេញពីខេត្តសៀមរាបជាង ១០ឆ្នាំ។ តែការចាកចេញពីក្លិបភ្នំពេញក្រោន ខ្លួនហាក់ពិបាកសម្រេចចិត្តជាខ្លាំង ព្រោះជាកន្លែងបណ្ដុះបណ្ដាលអាជីពបាល់ទាត់ដល់រូបគេតាំងពីតូច រហូតមានកេរ្ដិ៍ឈ្មោះក្នុងវិស័យកីឡាដ៏មានប្រជាប្រិយនេះ។
កីឡាករវ័យ ២១ឆ្នាំរូបនេះ បន្ដថា «ខ្ញុំពិតជាសប្បាយចិត្ត នៅពេលដែលបានមកលេងក្រុមរបស់ស្រុកកំណើតរបស់ខ្ញុំ(អង្គរថាយហ្គឺរ) មានន័យថា ខ្ញុំជាអ្នកសៀមរាប ខ្ញុំមកលេងនៅក្រុមសៀមរាប វាគឺជាអ្វីមួយ ដែលល្អ ដែលអ្នកសៀមរាបគាត់ចង់ឃើញ ហើយកត្ដាដែលសំខាន់ គឺដើម្បីនៅជិតគ្រួសារ ព្រោះខ្ញុំបែកពីពួកគាត់ជាង ១១ឆ្នាំមកហើយ ហើយខ្ញុំមានអារម្មណ៍ថានឹក ចង់នៅក្បែរពួកគាត់ និងទទួលភាពកក់ក្ដៅពីពួកគាត់»។
ពាក់ព័ន្ធនឹងក្រុមសិង្ហក្រហមវិញ បារាំង និយាយថា «សម្រាប់អារម្មណ៍ខ្ញុំ ភ្នំពេញក្រោន គឺស្ថិតក្នុងចិត្តរបស់ខ្ញុំរហូត ហើយភ្នំពេញក្រោន គឺជាផ្ទះទី២ របស់ខ្ញុំ ដែលខ្ញុំបានចាកចេពីស្រុកកំណើត ទៅរស់នៅភ្នំពេញក្រោន រហូតមកដល់ពេលនេះ។ ហើយមួយទៀត ខ្ញុំមានអ្វីៗពេលនេះ គឺដោយសារភ្នំពេញក្រោន អ្នកជួយផ្គត់ផ្គង់ខ្ញុំរហូតមក។ មួយរដូវកាលក្រោយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានលេងឲ្យផ្ទះទី២ របស់ខ្ញុំបន្ដទៀត»។
កីឡាករជម្រើសជាតិកម្ពុជាស្ទើរគ្រប់កម្រិតអាយុរូបនេះ បន្ថែមថា «ខ្ញុំមានថ្ងៃនេះ គឺដោយសារភ្នំពេញក្រោន បើសិនជាអត់ភ្នំពេញក្រោន ក៏ខ្ញុំអត់បានមកដល់ពេលនេះដែរ ក៏ខ្ញុំអត់បានស្គាល់ពីបណ្ដាប្រទេសផ្សេងៗ អត់បានស្គាល់ពីអ្វីដែលហៅថាបាល់ទាត់ ភ្នំពេញក្រោនបង្រៀនខ្ញុំគ្រប់យ៉ាង បង្រៀនខ្ញុំ ឲ្យធ្វើមនុស្សល្អ អំពើល្អ ។ ចឹងភ្នំពេញក្រោនជាកន្លែងដែលជួយឲ្យខ្ញុំបានមកដល់ពេលនេះ...។ ខ្ញុំគិតថា ១ឆ្នាំ អត់យូរទេ ហើយបន្ទាប់ពី ១ឆ្នាំ ខ្ញុំនឹងអាចវិលទៅទីក្រុងភ្នំពេញវិញ»។
គួរបញ្ជាក់ថា សឿត បារាំង បានចូលរួមជាមួយក្លិបភ្នំពេញក្រោន តាំងពីឆ្នាំ២០១១ ជាមួយក្រុមយុវជនថ្នាល មុនវិវត្តន៍ខ្លួនឡើងលេងក្រុមធំ នៅឆ្នាំ២០១៦។ ទោះបីកាយសម្បទាមិនសូវបានក៏ពិតមែន តែផ្អាកលើទេពកោសល្យ និងសមត្ថភាពរបស់ខ្សែការពារមានប្រភពពីតំបន់អង្គរនេះ គឺបានទាក់ចិត្តគ្រូបង្វឹកដាក់ឲ្យេលងស្ទើរគ្រប់ប្រកួត រហូតទាក់ភ្នែកគ្រូបង្វឹកក្រុមជម្រើសជាតិ និងមានឱកាសលេងតំណាងជាតិជារឿយៗទៀតផង៕