(ចិន)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi បានប្រកាសបង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនដែលប្រើប្រាស់អង្គប្រតិបត្តិការ Qualcomm's Snapdragon 888 ដំបូងគេបំផុតនៅលើពិភពភលោក កាលពីខែមុន ដោយឡែកនៅថ្ងៃនេះ Xiaomi ក៏បានប្រកាសពីដំណឹងល្អថ្មីមួយទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា កំពូលស្មាតហ្វូន Mi 11 របស់ Xiaomi ត្រូវបានលក់ដាច់រហូតដល់ ៣៥០០០០គ្រឿង នៅក្នុងរយៈត្រឹមតែ ៥នាទីប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្រុមហ៊ុន Xiaomi បានប្រកាសឲ្យដឹងថា អតិថិជននៅក្នុងទីផ្សារប្រទេសចិន មានការចាប់អារម្មណ៍ទៅលើកំពូលស្មាតហ្វូននេះយ៉ាងខ្លាំង ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញពីតួលេខនៃការលក់សរុបនោះទេ គ្រាន់តែបង្ហើបថា Mi 11 ទំនងនឹងចេញលក់នៅលើទីផ្សារបរទេសឆាប់នេះ៕