(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ លោក ខាន់ ជេមស៍ បានសម្តែងក្តីរំភើបយ៉ាងក្រៃលែង ខុសពីរាល់ដង ក្រោយទទួលបានការផ្ដល់ កិត្តិយសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេច បានធ្វើការ Share វីដេអូ នៃការ Live របស់ខាន់ ជេមស៍ ពេលកំពុងបកស្រាយចម្រៀងបណ្តើរលក់ធុងបាសបណ្តើរ។

ពិតណាស់នៅពេលដែល សម្ដេចតេជោ បានធ្វើការចុច Share នោះ លោក ខាន់ ជេមស៍ ពុំទាន់បានដឹងនោះឡើយ ហើយក្រោយដឹងភ្លាមលោកក៏បានច្រៀងចម្រៀងមួយបទមានចំណងជើងថា «ស្ពានសាងស្នេហ៍» ជូនសម្ដេចតេជោ សណ្ដាប់ និងទស្សនាភ្លាមៗតែម្តង។

អ្វីដែល ខាន់ ជេមស៍ ភ្ញាក់ផ្អើលនោះ ត្រូវបានសម្ដេចតេជោ ធ្វើការ Comment ថ្លែងអំណរគុណលោកដែលបានបកស្រាយចម្រៀងយ៉ាងពីរោះ ដោយក្នុងនោះសម្តេចបានសរសេរថា «អរគុណកូនដែលបាន ច្រៀងបទពុក» និងសារមួយទៀតរបស់សម្ដេចតេជោ គឺ «ជូនពរកូន មានជោគជ័យ»

ក្រោយបញ្ចប់ការ Live ភ្លាមៗលោក ខាន់ ជេមស៍ បានថ្លែងថា លោកពិតជារំភើបណាស់ រំភើបដល់ហូរទឹកភ្នែក។ លោកបានចាត់ទុកថ្ងៃនោះ ជាថ្ងៃដែលជោគជ័យបំផុត ក្នុងជីវិតរបស់លោកលើសអ្វីៗទាំងអស់។

លោក ខាន់ ជេមស៍ បានបន្ថែមថា «កូនពិតជាមានមហាកិត្តិយសខ្លាំងណាស់ ដែលកាលពីយប់មិញ សម្ដេចពុក បានចូល comment និង share នូវវីដេអូរបស់កូន កូនសូមគោរព ជូនពរសម្ដេចពុក និងសម្ដេចម៉ែ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីនៅជាម្លប់ដ៏ត្រជាក់របស់ប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរ គ្រប់រូបសូម គោរពអរគុណសម្តេចពុក អរគុណសន្តិភាព»

គួរជម្រាបថា លោក ខាន់ ជេមស៍ គឺជាតារាចម្រៀងល្បីឈ្មោះ បោះសំឡេងមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ មិនថាក្មេងចាស់ ប្រុសស្រីឡើយ ខណៈបទចម្រៀងដែលត្រូវបានបញ្ចេញក្នុងផលិតកម្ម សាន់ដេ គឺសុទ្ធតែពេញចិត្តខ្លាំងពីមហាជន ដោយសារទឹកដមសំឡេងរបស់លោកពីរោះរណ្តំតែម្តង៕