(ភ្នំពេញ)៖ អ្នកជំនាញផ្គូផ្គងប្រដាល់គុនខ្មែរ បានធ្វើការសំណូមពរដល់កីឡាករក្នុងស្រុកទាំងអស់ ត្រូវយកកាលៈទេសៈកូវីដ-១៩ គឺជាឱកាសដកស្រង់បទពិសោធពិត និងសមត្ថភាពពិត ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ នៅពេលស្ថានភាពល្អប្រសើរ និងអាចរៀបចំការប្រកួតមិត្តភាពអន្ដរជាតិឡើងវិញបាន។ នេះបើតាមការបញ្ជាក់របស់លោក នាង ស៊ីសុវត្ថា ប្រធានផ្គផ្គងកម្មវិធីប្រដាល់គុនខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន។

ការលើកឡើងនេះ ស្របពេលសង្វៀនបាយ័នស្ទឹងមានជ័យ បានប្រកាសបើកកម្មវិធីអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ គ្រាដែលអ្នកជំនាញផ្គផ្គងខាងលើ បានចាត់ទុកនេះ គឺជាឱកាសល្អមួយ សម្រាប់កីឡាករគុនខ្មែរគ្រប់រូប ធ្វើការពង្រឹងសមត្ថភាពឲ្យរឹងមាំ ដើម្បីកសាងកេរ្ដិ៍ឈ្មោះជូនខ្លួនឯងផង និងរួមចំណែកលើកស្ទួយកីឡាប្រដាល់គុនខ្មែរលើឆាកអន្ដរជាតិផង ជាចៀងកុំឲ្យគេថា ឡើងប្រកួតយកតែលុយ ។

លោក នាង ស៊ីវុត្ថា បាននិយាយថា «ខ្ញុំសំណូមពរដល់ប្អូនៗ ដែលជាកីឡាករទាំងអស់ តាមរយៈឯកឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំបាទនៅតែសំណូមពរតែមួយទៀតទេថា សូមឲ្យកីឡាករធ្វើការប្រកួតប្រកបទៅដោយក្បាច់គុនបុរាណខ្មែរ មានន័យថា ក្បាច់គុនខ្មែរ មិនមែនវៃ Show នោះទេ»

លោកបន្ដថា «ដូចខ្ញុំធ្លាប់ជម្រាបច្រើនដងមកហើយ ពេលខ្លះ កីឡាករ អ្នកគាំទ្រខ្លះ ធុញទ្រាន់នឹងអ្វីដែលខ្ញុំចេះតែរំលើក អ្វីដែលខ្ញុំចង់ជម្រាប គឺខ្ញុំចង់ឲ្យក្បាច់គុនខ្មែរ កាន់តែល្បី ក្នុងកាលៈទេសៈកូវីដ-១៩ ។ អ៊ីចឹងយើងត្រូវទាញពេលវេលានេះ ដកស្រង់បទពិសោធពិត សមត្ថភាពពិតរបស់កីឡាករ ប៉ុន្ដែមួយរយៈនេះ ខ្ញុំឃើញកីឡាករមួយចំនួនតូច ដែលតែងតែយកពេលវេលា និងកាលៈទេសៈនេះ ដើម្បីប្រកួតយកតែលុយ»

ដោយហេតុនេះ លោកបានស្នើដល់សហព័ន្ធ ក្នុងការពង្រឹងចំណុចនេះបន្ថែមទៀត ដើម្បីបង្កើនប្រជាប្រិយភាពប្រដាល់គុនខ្មែរ ដល់ប្រជាពលរដ្ឋ ដែលទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ ឬបណ្ដាញសង្គម អំឡុងពេលវិបត្តិកូវីដ-១៩ ដែលពួកគាត់មិនអាចចូលទស្សនាផ្ទាល់បាន ។ លើសពីនេះ លោកក៏សង្ឃឹមថា នឹងអាចមានការប្រកួតលក្ខណៈអន្ដរជាតិវិញនាពេលឆាប់ៗ ហើយកីឡាករគុនខ្មែរ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការត្រៀមស្វាគមន៍កីឡាករក្រៅស្រុក ។

គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរ កម្មវិធីអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន នឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍លើសង្វៀនបាយ័នស្ទឹងមានជ័យ ហើយកម្មវីធីនេះ ក៏ទទួលបានការគាំទ្រពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាក្បាច់គុនបុរាណខ្មែរមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ៕