(អាមេរិក)៖ ស្របពេលដែលអាមេរិកជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងមានក្រុមហ៊ុនខ្លះប្រកាសបិទទ្វារនោះ បែរជាលោក Jeff Bezos មេធំក្រុមហ៊ុន Amazon និងលោក Elon Musk មេធំក្រុមហ៊ុន Tesla ប្រមូលប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កំពូលមហាសេដ្ឋីទាំងពីរនេះ រកប្រាក់បានពេញមួយឆ្នាំ ២០២០ (ទាំងពីរនាក់) ចំនួន ២១៧ពាន់លានដុល្លារអាមេរិក។
កំពូលមហាសេដ្ឋីលេខមួយលើកលោក លោក Jeff Bezos ត្រូវបានគេដឹងថា មានលុយប្រមាណជា ១៩០ពាន់លានដុល្លារអាមេរិក (គិតទាំងប្រាក់រកបាននៅក្នុងឆ្នាំ២០២០) ខណៈដែលលោក Elon Musk បានកើនឡើងដល់ ១៧០ពាន់លានដុល្លារអាមេរិក (គិតទាំងប្រាក់រកបានក្នុងឆ្នាំ២០២០) និងបានរុញច្រានលោក Bill Gates ដែលជាកំពូលមហាសេដ្ឋីជើងចាស់ ឱ្យមកឈរនៅលេខរៀងទី៣។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រាក់ចំណូលរបស់លោក Elon Musk បានកើនឡើងខ្លាំងបំផុតនៅក្នុងឆ្នាំ២០២០ ដោយក្នុងនោះលោកកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla រហូតដល់ ៧៥ភាគរយ ហើយលោកក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីលោកបានធ្វើឲ្យការលក់រថយន្តមានការកើនឡើងខ្ពស់ និងបានគៀងគរអ្នកវិនិយោគជាច្រើនឲ្យបទុនក្នុងក្រុមហ៊ុន Tesla។
ចំណែកកំពូលមហាសេដ្ឋី Jeff Bezos គឺប្រភពចំណូលបានមកពី Amazon តាមរយៈការលក់ទំនិញតាមអនឡាញកើនឡើងខ្លាំង ព្រោះតែកូវីដ-១៩ ហើយមួយផ្នែកទៀតគឺ សេវាកម្ម Cloud របស់ Amazon ក៏រកចំណូលបានច្រើនផងដែរក្នុងឆ្នាំ២០២០៕