(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញនេះថា ការនាំចេញរបស់ខ្លួន របស់ខ្លួន បានច្រើនជាងការរំពឹងទុក ប៉ុន្តែមិនបានឈានទៅដល់គោលដៅដែលក្រុមហ៊ុនបានកំណត់នោះទេ។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Tesla បានឱ្យដឹងថា ពេញមួយឆ្នាំ ២០២០ លក់រថយន្តបានចំនួន ៤៩៩,៥៥០គ្រឿង ខណៈដែល ស្ថាប័នវិភាគ Wall Street បានប៉ាន់ប្រមាណថា នឹងលក់បានត្រឹមតែ ៤៨១,២៦១គ្រឿងប៉ុណ្ណោះ។ តួលេខនេះគឺពិតជាល្អ សម្រាប់ក្រុមហ៊ុន ប៉ុន្តែវាមិនបានបំពេញតាមគោលដៅដែលលោក Elon Musk នាយកប្រតិបត្តិ Tesla បានកំណត់នោះទេ ពោលគឺនៅ ខ្វះ ៤៥០គ្រឿងទៀត។
បើទោះជាយ៉ាងនេះក្ដី ក៏លោក Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «លោកមានមោទនភាពណាស់ ចំពោះ ក្រុមហ៊ុនការងារ Tesla ដែលបានប្រឹងប្រែងរហូតដល់សម្រេចបាននូវការលក់ដ៏អស្ចារ្យមួយនេះ»។
មិនត្រឹមតែអរគុណចំពោះក្រុមការងារប៉ុណ្ណោះទេ លោក Elon Musk ក៏បានអរគុណដល់អតិថិជន និងដៃគូវិនិយោគទាំងអស់ផងដែរ ដែលបានផ្ដល់ការគាំទ្រ និងទុកចិត្តចំពោះផលិតផលរបស់ក្រុមហ៊ុន Tesla ហើយលោកសន្យានឹងធ្វើឱ្យក្រុមហ៊ុន Tesla កាន់តែ អស្ចារ្យ ជាងនេះទៀតតាមរយៈផលិតផលថ្មីៗបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា តាមគម្រោង Tesla គ្រោងនឹងវាយលុកទីផ្សារអ៉ឺរ៉ុប និងអាស៊ីក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះគឺវាយលុក ទាំងទីផ្សាររថយន្ត និងការវិនិយោគថែមទៀតផង៕