(ដកម៉ាន់)៖ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jadon Sancho ដែលក្លិប Manchester United បានកំពុងតាមចែចូវផងនោះ ទើបរកបាន ១គ្រាប់ក្នុងលីគ Bundesliga នារដូវកាលនេះក្នុងជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវ Wolfsburg នៅរាត្រីថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

កីឡាករវ័យ ២០ឆ្នាំ Sancho រកបាន ១៧គ្រាប់ក្នុងលីគឲ្យ Borussia Dortmund នៃរដូវកាលឆ្នាំ២០១៩-២០២០ ដែលធ្វើឲ្យក្រុមខ្លាំងប្រចាំនៅទីក្រុង Dortmund ទទួលបានតំណែងជើងឯករង បន្ទាប់ពី Bayern Munich ដែលជាក្រុមជើងឯក។

Sancho បានស្ថិតក្នុងរ៉ាដាទី១ របស់អ្នកចាត់ការទូទៅ Ole Gunnar Solskjaer ជាយូរមកហើយតាំងពីទីផ្សារដោះដូរកីឡាករនៃរដូវកាលមុន បើទោះបីជាអតីតយុវជននៃក្លិប Man City មួយនេះទើបរកបាន ៦គ្រាប់ទាំងក្នុងក្លិប និងជម្រើសជាតិនារដូវកាលឆ្នាំ២០២០-២០២១ នេះក៏ដោយ។

៣ពិន្ទុក្នុងឆ្នាំថ្មីនេះដែរ បានធ្វើឲ្យ Dortmund រំកិលមកឈរលេខរៀងទី៤ បណ្តោះអាសន្នដោយមាន ២៥ពិន្ទុចាញ់ក្រុមកំពូលតារាង Bayern Munich ៨ពិន្ទុគិតត្រឹម ១៤សប្តាហ៍មកនេះ៕