(អាមេរិក)៖ បុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកការផ្សព្វផ្សាយពាណិជ្ជកម្មរបស់បណ្ដាញសង្គម Facebook បានលាឈប់ពីតំណែក ភ្លាមៗ ដោយមិនបញ្ជាក់ពីមូលហេតុ ខណៈដែលក្រុមហ៊ុនមិនបានឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីលាឈប់នេះផងដែរ។ នេះបើយោងតាម ការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
លោក Rob Leathern នាយកគ្រប់គ្រង់ផលិតផល និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់បណ្ដាញសង្គម Facebook បាននិយាយ កាល ពី ដើមខែធ្នូថា លោកនឹងចាកចេញពីក្រុមហ៊ុន Facebook នៅថ្ងៃទី៣០ ខែធ្នូ។ ដល់ថ្ងៃកំណត់ដែលលោកបានប្រកាស គេសង្កេតឃើញថា បណ្ដាញសង្គម Facebook មិនបានប្រកាសពីការចាកចេញនេះជាផ្លូវការទេ ប៉ុន្តែគេដឹងថា លោក Rob Leathern គឺបានលាឈប់ហើយ។
យោងតាមការចេញផ្សាយ Reuters បានឱ្យដឹងថា លោក Rob Leathern ប្រហែលជាអន់ចិត្ត ឬមិនពេញចិត្តនូវគោលការណ៍របស់ Facebook ដោយក្នុងនោះ Facebook អាចនឹងរំលោភលើភាពជាឯកជនរបស់អតិថិជន ក្នុងការទាញយកផលប្រយោជន៍ពាក់ព័ន្ធ នឹង ការផ្សព្វផ្សាយពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការចាកចេញរបស់លោកបុគ្គលិកជាន់ខ្ពស់រូបនេះ មិនត្រូវបានក្រុមហ៊ុន Facebook ប្រកាសជាផ្លូវការ ឡើយ ហើយក៏មិនបានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ផងដែរ៕